គិតត្រឹមថ្ងៃពុធ ទី28 ខែឧសភា ឆ្នាំ 2025 គឺជាខួបគម្រប់ 600 នៃសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ខណៈដែលតួរលេខជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារឥតឈប់ឈររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 54.100 នាក់ និង 123.300 នាក់ទៀតរងរបួស។ យោងតាមការិយាល័យផ្សព្វផ្សាយតំបន់ហ្គាហ្សាបានបង្ហាញថា ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ចំនួនអ្នកស្លាប់ និងបាត់ខ្លួន ដែលភាគច្រើនកប់នៅក្រោមគំនរបាក់បែកនៃអគារ មានលើសពី 63.000 នាក់ ក្នុងនោះមានកុមារប្រមាណ 18.000 នាក់ និងស្ត្រីប្រមាណ 12.400 នាក់ ក្នុងចំណោមអ្នកស្លាប់។ របាយការណ៍ក៏បានបញ្ជាក់ថា បុគ្គលិកពេទ្យចំនួន 1589 នាក់ បុគ្គលិកការពារជនស៊ីវិលចំនួន 115 នាក់ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយចំនួន 220 នាក់ មន្រ្តីប៉ូលីសចំនួន 754 នាក់ អ្នកអប់រំប្រមាណ 800 នាក់ សិស្សប្រមាណ 13.000 នាក់ និងអ្នកស្រាវជ្រាវចំនួន 150 នាក់ បានបាត់បង់ជីវិត ហើយក្នុងចំណោមអ្នករងរបួសទាំងអស់ ក្នុងនោះ 17.000 នាក់ត្រូវការការស្តារនីតិសម្បទារយៈពេលវែង និងប្រមាណ 4700 នាក់ត្រូវពិការជារៀងរហូត ដោយក្នុងនោះមាន 18 ភាគរយជាកុមារ។ ក្នុងរយៈពេល 600 ថ្ងៃកន្លងមកនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងមន្ទីរពេទ្យចំនួន 82 ត្រូវបានបំផ្លាញ រថយន្តសង្គ្រោះចំនួន 144 គ្រឿង និងរថយន្តការពារស៊ីវិលចំនួន 54 គ្រឿង រួមទាំងរថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យ ត្រូវបានកំណត់គោលដៅវាយប្រហារដោយយោធាអ៊ីស្រាអែល។ 

បន្ថែមពីនេះ លំនៅដ្ឋានប្រមាណ 210.000 ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលតង់ចំនួន 113.000 តង់ ត្រូវបានរុះរើ ដែលធ្វើឲ្យប្រជាជនប៉ាឡេស្ទីនប្រមាណ 280.000 គ្រួសារ គ្មានទីជ្រកកោន។ សេចក្តីរាយការណ៍បានបន្ថែមថា សង្រ្គាមនេះបណ្តាលឲ្យមានការខាតបង់ផ្នែកកសិកម្មលើសពីចំនួនទឹកប្រាក់ 2.2 ពាន់លានដុល្លារអាមេរិក ដោយផ្ទៃដីកសិកម្មប្រមាណ 92 ភាគរយ និងផ្ទះកញ្ចក់ 85 ភាគរយ ត្រូវបានបំផ្លាញ ខណៈដែលផលិតកម្មបន្លែប្រចាំឆ្នាំរបស់តំបន់ហ្គាហ្សាបានធ្លាក់ចុះពី 405.000 តោនមកត្រឹមតែ 49.000 តោន ហើយឧស្សាហកម្មនេសាទ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។