កាលពីថ្ងៃពុធ ទី28 ខែឧសភា ក្រុមគ្រួសារចំណាប់ខ្មាំងអីស្រាអែល បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង Tel Aviv ដើម្បីប្រារព្ធខួប 600 ថ្ងៃ នៃសង្គ្រាម និងការបន្តឃុំខ្លួនសាច់ញាត្តិរបស់ពួកគេនៅតំបន់ហ្គាហ្សា។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់បាននិយាយថា ខ្លួនមានឆន្ទៈដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ហើយក៏នឹងយល់ព្រមលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ ប្រសិនបើអ៊ីស្រាអែលយល់ព្រម ដកកងទ័ពចេញពីតំបន់ហ្គាហ្សាទាំងស្រុង។ តែយ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអីស្រាអែល Netanyahu បាននិយាយថា អ៊ីស្រាអែល មានឆន្ទៈតែលើការធ្វើបទឈប់បាញ់បណ្តោះអាសន្នតែប៉ុណ្ណោះ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ព្រមទាំងបញ្ជាក់ថា សង្រ្គាមអាចបញ្ចប់បាន លុះត្រាតែក្រុមសកម្មប្រយុទ្ធហាម៉ាសទាំងអស់ ត្រូវបានបោសសម្អាត។