ប្រទេសឥណ្ឌា បានបើកការវាយប្រហារលើទីតាំងចំនួន 9 របស់ប្រទេសប៉ាគីស្ថាន នៅក្នុងតំបន់ ការស្មៀរ នៅថ្ងៃពុធ ទី7 ខែឧសភានេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់ និង 12 នាក់ទៀតរងរបួស។ ការវាយប្រហារនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ បន្ទាប់ពីការវាយប្រហារលើភ្ញៀវទេសចរហិណ្ឌូឥណ្ឌានៅតំបន់កាស្មៀរឥណ្ឌាកាលពីចុងខែមុន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងថា "ប្រទេសឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការ ស៊ីនដ័រ (Sindoor) ដែលជាការឆ្លើយតបយ៉ាងជាក់លាក់ ចំពោះការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃ ដែលបានសម្លាប់មនុស្ស 26 នាក់នៅតំបន់ការស្មៀរ" ការវាយប្រហារនេះ កំណត់គោលដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករចំនួន 9 នៅក្នុងប្រទេសប៉ាគីស្ថាន និងក្នុងតំបន់ ចាម៊ូ និង ការស្មៀរ ដែលកាន់កាប់ដោយប៉ាគីស្ថាន ដោយផ្តោតលើឫសគល់នៃផែនការភេរវកម្មឆ្លងព្រំដែន។