ភ្នំពេញ៖
រថយន្ត ម៉ាក ALPHARD បើកបរដោយជនជាតិចិន បានបើកលឿនជាន់ ហ្រ្វាំងមិនជាប់ ជ្រុលបុកម៉ូតូម៉ាក ZOOMER X បណ្តាលឲ្យយុវជន២នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៣០នាទី រំលង អាធ្រាត ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែង ផ្លូវបេតុង លេខ ១៩៥៨ ដែល ស្ថិត នៅ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ALPHARD ពណ៌ ខ្មៅ ពាក់ស្លាកលេខ កម្ពុជា H-C-SELA បើកបរ ដោយជនជាតិចិន បើកតាមបណ្ដោយផ្លូវលេខ ១០០៣ ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុង ល្បឿនយ៉ាងលឿន។ លុះបើកមកដល់ចំណុចកើតហេតុ នៅផ្លូវបំបែកជាបួន ក៏ស្រាប់តែ ឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក ZOOMER X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កំពង់ចាម 1R-3423ជិះគ្នា២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៩៥៨ ក្នុង ទិសដៅពីកើត ទៅលិច ហើយ ត្រូវបានរថយន្តម៉ាក ALPHARD បើកបរដោយជនជាតិចិន បើកក្នុង ល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យផ្លោងបោក ទៅនិងកញ្ចក់រថយន្ត ធ្លាក់មកលើផ្លូវ និង បណ្តាលឲ្យជនរងគ្រោះខាងលើ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ចំណែកម៉ូតូជនរងគ្រោះវិញ គឺខ្ទាតជាច្រើនម៉ែត្រ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាន បន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ ជនជាតិជាច្រើននាក់ បានចុះពីរថយន្ត ហើយ រត់ គេចខ្លួន បាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និង សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ សែនសុខ បានទាក់ទងទៅជំនាញចរាចរណ៍នៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ ដើម្បីធ្វើការវាស់វែង យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ៕