ក្នុងការចូលរួមកិច្ចប្រជុំនាយបេសកកម្មកីឡាត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥ នៅប្រទេសបារ៉ែន សប្ដាហ៍នេះ
ប្រតិភូកីឡាកម្ពុជាដែលមានឯកឧត្ដម ប៉ុន សុខ អគ្គនាយកកីឡា និង ឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាមួយប្រតិភូកីឡា ជាង៤០ប្រទេសទៀតនៅអាស៊ី ដើម្បីចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ម្ចស់ផ្ទះបារ៉ែន។
ការចុះពិនិត្យ និងស្វែងយល់នេះ គឺពិតជាសារៈសំខាន់ខ្លាំងសម្រាប់ប្រតិភូទាំងអស់ ជាពិសេសកម្ពុជាដែលជាម្ចាស់ផ្ទះបន្តវេនក្នុងឆ្នាំ២០២៩។
ឯកឧត្ដម ញ៉ាន សុខវិសាល មានប្រសាសន៍ថា ក្រៅពីកិច្ចប្រជុំនាយបេសកកម្មជារួមជាមួយបណ្ដាប្រតិភូកីឡាពីប្រទេសផ្សេងៗទៀត ភាគីកម្ពុជាក៏មានកិច្ចប្រជុំដាច់ដោយឡែកមួយទៀតជាមួយភាគីម្ចាស់ផ្ទះបារ៉ែនដើម្បីពិភាក្សាជុំវិញកម្មវិធីផ្សេងៗ ដូចជា ការទទួលទង់ ជាដើម។
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងម៉ាណាម៉ា ដោយមានអត្តពលិកវ័យក្មេងអាយុ១៤ឆ្នាំ-១៧ឆ្នាំ ២០០០នាក់ចូលរួមប្រកួតលើជាង២០០វិញ្ញាសាក្នុងជាង២០ប្រភេទកីឡា។
កម្ពុជាក៏បានត្រៀមប្រតិភូជាង២០០នាក់ទៅចូលរួមប្រកួត និងទទួលវេនបន្តពីបារ៉ែនក្នុងនាមជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៤ឆ្នាំ២០២៩៕
