រាជធានីភ្នំពេញ ៖
តារាចម្រៀងស្រីម្នាក់ ឈ្មោះ ចាប ចិន្តា ត្រូវបានប្រពន្ធដើម និង មនុស្សមួយក្រុមជាបងប្អូនប្រពន្ធដើម បើកឡានដេញបុក និង ព្រួតវ៉ៃ ដោយចោទប្រកាន់ថាតារាចម្រៀងស្រីរូបនេះព្យាយាមទាក់ទងប្តីរបស់គេ ខណៈតារាស្រី ចាប់ ចិន្តា បដិសេធថាមិនបានទាក់ទងប្តីនរណានោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីនារីរងគ្រោះ ជាតារាចម្រៀងឈ្មោះ ចាប ចិន្តា បានបញ្ជាក់ថា រូបនាងបានបើករថយន្តមួយគ្រឿងម៉ាក TOYOTA Prius មួយគ្រឿងសុខៗ ស្រាប់តែមានរថយន្តម៉ាក ford Raptor ពណ៌ស មួយគ្រឿង បើកមកកាក់ពីមុខ រួចមនុស្សប្រុសស្រី២នាក់ ចុះមកស្រែកបង្ខំឲ្យរូបនាងចុះពីលើរថយន្ត និង បានប្រើប្រាស់អំពើហិង្សាវៃបំផ្លាញរថយន្តរបស់នាង ។ បន្តាប់មក រូបនាងក៏បានបើករថយន្តគេច រហូតដល់ស្តុបសំណង់១២ តែត្រូវបានមនុស្សប្រុសស្រី២នាក់នោះ បើករថយន្តដេញពីក្រោយ និង បុកពីក្រោយពេញទំហឹង ហើយ រូបនាងបានចេញពីលើរថយន្តដើម្បីរត់គេច តែត្រូវប្រពន្ធដើម និង បងប្អូនប្រពន្ធដើម ព្រួតគ្នាវ៉ៃរូបនាងទាំងប្រុស ទាំងស្រីតែម្តង។ ស្របពេលមនុស្សមួយក្រុមកំពុងនាំគ្នាព្រួតវ៉ៃ នាងក៏បានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ ពេលនោះ ប្រជាពលរដ្ឋក៏បានជួយហាមឃាត់មនុស្សមួយក្រុមនោះ កុំឲ្យវ៉ៃរូបនាងទៀត។
តាមការបញ្ជាក់ពីប្រពន្ធដើម បានបញ្ជាក់ថា តារាចម្រៀងស្រី ឈ្មោះ ចាប ចិន្តា តែងតែ មករវីរវល់ជាមួយប្តីរបស់គាត់ ដើម្បីទាក់ទងគ្នា។ ដល់ថ្ងៃកើតហេតុ នារីខាងលើ មកគោះទ្វាផ្ទះដើម្បីរកប្តីរបស់គាត់ ទើបធ្វើឲ្យគាត់ខឹង បបួលបងប្អូននាំគ្នាព្រួតដេញវ៉ៃនារីនោះតែម្តង ធ្វើឲ្យរបួសមុខ និង ក្បាល ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុ រួចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕