ថ្នាក់ដឹកនាំក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីប្រកួតបាល់មិត្តភាព ដើម្បីចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ "យើងរួមគ្នាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត"។
នៅក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាដឹកនាំដោយ លោក គួច ឆៃយ៉ា អ្នកចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា,លោក ដូលីន ផាន់ណារាជ្យ អ្នកសម្របសម្រួលទូទៅ និងជាជំនួយការផ្ទាល់ ឯកឧត្តម ហ៊ន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ,លោក ស៊ីថូណាថាន់ ប្រធានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងលោក ឌឿ ច័ន្ទសាលុច អនុប្រធានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, លោក ស៊ុន ចំណាន នាយករងរដ្ឋបាលខេត្តព្រមទាំងក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប ។
នៅក្នុងកិច្ចប្រជុំនិងពិភាក្សានៅការងារនោះគឺផ្ដោតសំខាន់លើការរៀបចំប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមពីធីករកីឡាកម្ពុជា ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាមដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ "យើងរួមគ្នាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត"។
ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាពនេះផងដែរ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាព្រមទាំងរដ្ឋបាលខេត្តសៀមរាប បានរួមមតិគ្នា រៀបចំការផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់អ្នកត្រូវការឈាមជាចាំបាច់ ដល់ប្រជាជនក្នុងខេត្ត ស្របនឹងទិវាបរិច្ចាគឈាមពិភពលោកខួបលើកទី២១ ផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាម នឹងការប្រកួតបាល់ទាត់មិត្តភាពដើម្បីមនុស្សធម៌ទាត់ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់)ដោយទទួលបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត ចូលរួមបរិច្ចាគចំនួន ១២៥៧សាក់ ដែលជាគោលដៅជំហ៊ានដំបូង។
