ប្រទេសឥណ្ឌា បានបើកការវាយប្រហារលើប្រទេសប៉ាគីស្ថានដែលជាប្រទេសជិតខាងរបស់ខ្លួនកាលពីថ្ងៃពុធ ខែឧសភា ជាការឆ្លើយតបទៅនឹងការវាយប្រហារសម្លាប់ភ្ញៀវទេសចរឥណ្ឌានៅតំបន់កាស្មៀរកាលពីចុងខែមុន។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ឥណ្ឌាបានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីលចំនួន 4 គ្រាប់លើតំបន់ជុំវិញទីក្រុង ម៊ូរីដ (Muridke) ដោយបានបំផ្លាញវិហារអ៊ីស្លាមមួយខ្នង អគាររដ្ឋបាលដែលនៅជាប់គ្នា និងកប់មនុស្ស 3 នាក់ក្រោមគំនរបាក់បែក។ យោងតាមការអះអាងពីមន្ត្រីប៉ាគីស្ថាន ទីតាំងដែលឥណ្ឌាបើកការវាយប្រហារនេះ គឺជាកន្លែងថែទាំសុខភាព និងការិយាល័យអប់រំរបស់រដ្ឋាភិបាល ប៉ុន្តែឥណ្ឌាបាននិយាយថា នេះជាអគារដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ ឡាស្កា អ៊ី តៃបា (Lashkar e Taiba) ដែលខ្លួនចោទប្រកាន់ថាបានវាយប្រហារសម្លាប់មនុស្សប្រមាណ 160 ក្នុងទីក្រុង ម៉ុមបៃ របស់ខ្លួន កាលពីឆ្នាំ 2008 នោះ។