កំពង់ស្ពឺ ៖
យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលរថយន្តធុនធំ~តូចបុកបន្តកន្ទុយគ្នានៅចំណតលោកយាយម៉ៅពេជ្រនិល រហូតទៅដល់៦គ្រឿង។
ហេតុការណ៍រថយន្តធុនធំ~តូចបុកបន្តគ្នា បានកើតឡើងកាលពីវេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៣-ទៅលេខ១០៤ ត្រង់ចំណតលោកយាយម៉ៅពេជ្រនិល ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថាមនុស្សរងរបួសមានឈ្មោះ វឿន ណារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តស្វាយរៀង(រងរបួសធ្ងន់) និងអ្នករួមដំណើរ០១នាក់ឈ្មោះ ថន សំរេច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ (រងរបួសស្រាល)។
នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1427 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-9601 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយរថយន្ត០១គ្រឿង ម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2B-5901រួចបន្តទៅប៉ះរះជាមួយរថយន្តចំនួន០៣គ្រឿងទៀត។
បន្ទាប់មក មានរថយន្ត០១គ្រឿងទៀត ម៉ាកFUSO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3G-5428 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ4A-1768 ដែលបើកបរពីទិសខាងកើតទៅទិសខាងលិចប៉ះជាមួយរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1427 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-9601 បណ្ដាលឲ្យរងរបួសមនុស្សចំនួន០២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់បញ្ជាកាដ្ឋានការពារកោះឆ្នេរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។
នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា ករណីខាងលើ បានរងការខូចខាតរថយន្តចំនួន៦គ្រឿង ធ្ងន់ធ្ងរចំនួន០៣គ្រឿង តិចតួចចំនួន០៣គ្រឿង។
ក្រោយធ្វើការវាស់វែង ចំពោះវត្ថុតាងរថយន្តទាំង៦គ្រឿងខាងលើ នគរបាលជំនាញបានធ្វើការស្ទូចចេញពីកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕