កំពង់ឆ្នាំង​៖ 

ស្ត្រីម្នាក់ ត្រូវបានគ្រោះធម្មជាតិរន្ទះបាញ់ ឆក់យកជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះ បានកើតឡើងនៅម៉ោងប្រមាណ១៤និង១០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចវាលស្រែក្បាលអូរក្រូច នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ស្ត្រីរងគ្រោះខាងលើ ឈ្មោះជឿន ដាលីន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិអលង្កែរ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើរួ មជាមួយបងប្អូនថ្លៃកំពុងទៅពង្រោះស្រូវនៅពេលមេឃស្រទំ។ មួយសន្ទុះក្រោយមក ស្រាប់តែមានភ្លៀង ខ្យល់ ផ្គរលាន់ បង្កជាបាតុភូមិរន្ទះបាញ់ជនរងគ្រោះស្លាប់ភ្លាមតែម្តង ដោយឡែក បងប្អូនថ្លៃដែលព្រួសស្រូវក្បែរគ្នានោះ ពុំមានគ្រោះថ្នាក់អ្វីឡើយ។

បច្ចុប្បន្ន ក្រុមគ្រួសារ បានដឹកសពជនរងគ្រោះមកផ្ទះនៅភូមិអលង្កែរ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើបុណ្យតាមប្រពៃណី៕