ភ្នំពេញ៖ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យអ្នកគាំទ្រផ្តល់ការលើកទឹកចិត្តដល់ក្រុមកីឡាករប្រសើរជាងការរិះគន់បំបាក់ទឹកចិត្ត នៅពេលការប្រកួតរបស់ពួកគេមិនល្អប្រសើរ។
យ៉ាងណាមិញចំពោះការលើកឡើងរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា គឺបន្ទាប់ពីក្រុមបាល់ទះវិសាខាត្រូវបានអ្នកគាំទ្រមួយចំនួនបានរិះគន់ជុំវិញលទ្ធផលមិនល្អក្នុងការប្រកួតពានរង្វាន់អន្តរជាតិ Win-Streak Volleyball Invitational Tournament ឆ្នាំ២០២៥ នៅកោះតៃវ៉ាន់។ ឆ្លងកាត់៥ប្រកួត ក្រុមវិសាខាបានប្រកួតឈ្នះ២ប្រកួត និងចាញ់៣ប្រកួត ដោយធ្វើឲ្យពួកគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ដែលខុសពីឆ្នាំ២០២៤ ដែលពួកគេបានឈ្នះជើងឯក។
ឯកឧត្តម ស សុខា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថានៅលើបណ្ដាយសង្គមPage ផ្លូវការរបស់ឯកឧត្តម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ថា៖ ឆ្លងកាត់ការប្រកួតពីមួយប្រកួតទៅមួយប្រកួត លទ្ធផលបានបញ្ជាក់ឱ្យឃើញពីសមត្ថភាព និងកម្រិតរបស់កីឡាករ ដែលប្រឈមនឹងគូប្រកួតមានកម្រិតទាបជាង និងខ្ពស់ជាង ពីព្រោះបើធៀបនឹងឆ្នាំមុន ក្រុមចូលរួមប្រកួតមានកម្រិតប្រដំប្រសងគ្នាទាំងអស់ ប៉ុន្តែក៏កើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមវិសាខាដែរ។ ផ្ទុយទៅវិញនៅឆ្នាំ២០២៥នេះ មានក្រុមខ្លាំងៗចូលរួមច្រើន ដូចជា ក្រុមមកពីកូរ៉េខាងត្បូង ថៃ និងម្ចាស់ផ្ទះជាដើម។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖«ធម្មជាតិនៃការគាំទ្រក្រុមដែលខ្លួនស្រលាញ់ចូលចិត្ត គឺគ្រប់គ្នាចង់ឈ្នះគ្រប់ការប្រកួត មិនថាការប្រកួតអ្វីក៏ដោយ ប៉ុន្តែយើងក៏ត្រូវងាកមកលើកទឹកចិត្តដល់ក្រុម នៅពេលដែលពួកគាត់បរាជ័យដែរ។ យើងស្វាគមន៍ការរិះគន់ដើម្បីស្ថាបនា ជាជាងរិះគន់ដើម្បីបំបាក់ទឹកចិត្ត។ ជាឧទាហរណ៍ មានអ្នក Comment មួយចំនួនបានដាក់សម្ពាធលើលោកគ្រូបង្វឹកថា ដាក់កីឡាករនេះ មិនដាក់កីឡាករនោះ ឱ្យចូលលេង ប៉ុន្តែនៅពេលក្រុមការងារគ្រូបង្វឹកព្យាយាមផ្តល់ឱកាសឱ្យកីឡាករទាំងអស់ បានចូលលេងហើយ លទ្ធផលនៅតែមិនគាប់ប្រសើរ តើគួរងាកមកលើកទឹកចិត្តពួកគាត់ បែបណាវិញ?
ការប្រកួតសន្សំពិន្ទុក្នុងពូលទី១ វិសាខា បានយកឈ្នះក្រុមម៉ាឡេស៊ី MBSA Pelican ដោយលទ្ធផល ៣-០, ការប្រកួតទី២ ពួកគេបានចាញ់ក្រុមឆាយនីសតៃប៉ិ ដោយលទ្ធផល ២-៣ និងការប្រកួតទី៣ បានយកឈ្នះក្រុមកូរ៉េ ៣-១។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា បានចាញ់ក្រុមថៃ Nakhon Ratchasima ដោយលទ្ធផល ១-៣ និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ២ ពួកគេបានចាញ់ក្រុមកូរ៉េ Korea Armed Force ដោយលទ្ធផល ០-៣ ដើម្បីបញ្ចប់ព្រឹត្តិការណ៍ទទួលបានចំណាត់ថ្នាក់លេខ៤។
អ្នកគាំទ្របាល់ទះកម្ពុជាចាប់អារម្មណ៍ខ្លាំងមែនទែន និងបានបញ្ចេញមតិយោបល់ទៅនឹងការដាក់ឲ្យកីឡាករលេង ហើយកីឡាករខ្លះមិនបានលេងដែលពេលខ្លះមិនត្រូវតាមបំណងរបស់អ្នកគាំទ្រមួយចំនួន។
ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍ប្រកួតឆ្នាំ២០២៥ ក្រុមភាគច្រើនសុទ្ធតែខ្លាំងៗបានចូលរួមប្រកួត។ ជាក់ស្តែងក្រុមរបស់កូរ៉េទាំងពីរ និងក្រុមថៃសុទ្ធតែខ្លាំង។ ចំពោះក្រុមម្ចាស់ផ្ទះរៀបចំការប្រកួត Win Streak ដែលជាម្ចាស់ជើងឯកលីគកំពូលតៃវ៉ាក៏ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល៕