ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារកាលព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា នេះ គណៈកម្មការយុទ្ធគុនចម្រុះខ្មែរបុរាណ និងគម្ពីយុទ្ធគុនដូនតាខ្មែរបានសម្រេចឯកភាពគម្រោងថ្មីៗថែមទៀត។
ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍បានមានប្រសាសន៍ថា "៖ គណៈកម្មការបានឯកភាពគ្នាលើការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ដែលមានការរៀបចំជាគម្រោងយ៉ាងប្រសើរ ល្អិតល្អន់ បូករួមនឹងយន្ដការច្បាស់់លាស់ល្អ។ គណៈកម្មការបានអនុម័តលើគម្រោងនេះ និងត្រៀមគោរពជូន សម្ដេចបវរធិបតី ដ៏ខ្ពង់ខ្ពស់ដើម្បីពិនិត្យ និងសម្រេច។ ទី២ គឺការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណដែលត្រូវធ្វើពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានពិនិត្យយ៉ាងលម្អិតទាំងលើការផ្សព្វផ្សាយ និងបំផុសចលនា ជាចលនាជាតិដ៏ធំ ដើម្បីឱ្យមានការជ្រួតជ្រាបដល់មហាជន និងទទួលបានការគាំទ្រ។
អ្វីដែលយើងផ្ដោត គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងគោរពតាមគោលការណ៍ អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី។ ព្រឹត្តិការណ៍នេះមានទាំងការប្រកួតផង និងបង្ហាញពីសមិទ្ធផល ការតាំងបង្ហាញយុទ្ធគុនខ្មែរបុរាណ គ្រប់ទម្រង់ គ្រប់បែប ទាំងអាវុធ និងយុទ្ធមន្ដ។ មួយទៀត គឺក្បាច់គុនផ្សេងៗទៀត ដែលមានមកបន្ថែមឱ្យបានកាន់តែច្រើន។ ឆ្នាំ២០២៤ យើងមានខ្លះហើយ អ៊ីចឹងឆ្នាំនេះ យើងថែម ៥-៦ ប្រភេទទៀត។ សម្ដេច បានមានប្រសាសន៍ថា បញ្ចូលគ្រប់ទម្រង់ឱ្យអស់មក ដែលមាននៅសេសសល់ តិចក្ដី ច្រើនក្ដី យកមកបង្ហាញ រំឭកដាស់សតិអារម្មណ៍ថា ដូនតាយើងពិតជាមានក្បាច់គុនដ៏សម្បូរបែប។
ឯកឧត្ដម វ៉ាត់ ចំរើន បានបន្តទៀតថា ថ្ងៃដែលព្រឹត្តិការណ៍ធ្វើនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺផ្នែកខាងក្រៅ ក៏នឹងមានការតុបតែងលម្អ និងមានកម្មវិធីអមប្លែកៗ ផ្សេងៗទៀត ដើម្បីអោយ មហាជន អ្នកស្រាវជ្រាវ និង សិស្សនិស្សិត អាចទស្សនា ស្រាវជ្រាវបាន។
ជុំវិញការចុះឈ្មោះចូលរួមវិញ ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា អ្នកចេះក្បាច់គុន មិនថា ចំណុះ សហព័ន្ធ ឬមិនចំណុះ សហព័ន្ធ គឺអាចចូលរួមបាន ដោយការចុះឈ្មោះនឹងចាប់ផ្ដើមពីខែសីហា តទៅ៕