បើនិយាយពីកញ្ញា រ៉េត ស្រីនាថ ដែលជាប្អូនស្រីបង្កើតកញ្ញា រ៉េត សារីតា អតីតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២០ ច្បាស់ណាស់ថាអ្នកនៅក្នុងរង្វង់នៃកម្មវិធីប្រកួតសម្រស់ ពិតជាស្គាល់នាងជាក់ជាពុំខាន។ 

យ៉ាងណាមិញកាលពីប៉ុន្មានខែមុន ស្របពេលដែលកញ្ញាឯកចក្កវាឡកម្ពុជាបើកទទួលពាក្យចូលរួមប្រកួតប្រជែងជាផ្លូវការសម្រាប់រដូវកាលថ្មីរបស់ខ្លួន កញ្ញា រ៉េត ស្រីនាថ ត្រូវបានគេដឹងថា ជាបេក្ខនារីដំបូង ដែលបានប្រកាសប្រាប់ថានាងបានដាក់ពាក្យចូលរួមប្រកួតជាមួយកម្មវិធីនេះ។

ដ្បិតថាស្រីស្អាតរូបនេះបានដាក់ពាក្យប្រកួតប្រជែងក៏ពិតមែន ប៉ុន្តែការប្រកាសបេក្ខនារីផ្លូវការទាំង២០រូប ដែលនឹងត្រូវបន្តដំណើរជាមួយវេទិកាប្រកួតសម្រស់កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២៥ នៅមិនទាន់បើកបង្ហាញជាសាធារណៈនៅឡើយទេ។

ទោះជាយ៉ាងនេះក្តីក៏ ស្រីនាថ បានខំប្រឹង សំលៀងអាវុធដ៏មុតស្រួចរបស់ខ្លួនត្រៀមចូលសមរភូមិ ដើម្បីប្រកួតប្រជែងជាមួយបេក្ខនារីផ្សេងទៀតផងដែរ ដោយថ្មីៗនេះ នាងបានធ្វើដំណើរទៅកាន់ប្រទេសថៃផ្ទាល់តែម្តង ដើម្បីហ្វឹកហាត់ការដើរជាមួយគ្រូនៅទីនោះ។ នេះសបញ្ជាក់ឱ្យឃើញថា គឺជាការតាំងចិត្តយ៉ាងមុតមាំក្នុងដំណើរឆ្ពោះទៅដណ្តើមមកុដដើម្បីក្លាយជារាជនីសម្រស់បន្ទាប់ពីអ្នកនាងប្រាសាទ ដាវីន កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២៤។

ដោយឡែក បើយោងតាមការបង្ហោះវីដេអូខ្លីមួយនៅលើទំព័រហ្វេសប៊ុក Miss Universe Cambodia កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅបានឱ្យដឹងថា ការបើកបង្ហាញបេក្ខនារីផ្លូវការទាំង២០រូប នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែ ឧសភា ខាងមុខនេះ។

គួរឱ្យដឹងបន្ថែមថា៖ កញ្ញា រ៉េត ស្រីនាថ ធ្លាប់ចូលរួមប្រកួតប្រជែងសម្រស់នៅក្នុងកម្មវិធី Miss Grand Cambodia 2017 ដោយទទួលបានចំណាត់ថ្នាក់ Top 6 ។ លុះមកដល់ឆ្នាំ២០២៣ នាងត្រូវបានតែងតាំងជា Miss CosmoWorld Cambodia និងបានចេញទៅតំណាងកម្ពុជា នៅក្នុងកម្មវិធី Miss CosmoWorld ២០២៣ នៅប្រទេសម៉ាឡេស៊ីផងដែរ៕