កំពង់ស្ពឺ៖ 

ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយកម្មករបេះផ្លែស្វាយជាង១០នាក់ទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលធ្វើដំណើរតាមគោយន្តកន្ត្រៃហើយតៃកុងបើកលឿនរ៉េចង្កូតក្រឡាប់ខ្លួនឯង រណូករណែលលើផ្លូវក្រាលកៅស៊ូ។

ហេតុការណ៍ក្រឡាប់គោយន្តកន្ត្រៃបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួស បានកើតឡើងកាលពីវេលាម៉ោង០៤និង៣៥នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចអូរថ្មដំរី ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ មានគោយន្ត០១គ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម សណ្តោងរឺម៉ក  (ដឹកកម្មករបេះផ្លែស្វាយចំនួន១៦នាក់ ស្រី១០នាក់ )  ដែលបើកបរដោយឈ្មោះ ងួន ទិទិ  ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសហគម៍ខាងលិច  ឃុំភក្កី  ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមួយខ្សែ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃក៏បានរ៉េចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្សម្នាក់នាក់ ឈ្មោះ កង ធា នៅកន្លែងកើតហេតុ និង រងរបួស សរុប១៦នាក់ ស្រី១០នាក់។ 

ក្រោយកម្លាំងនគរបាលជំនាញ បានធ្វើការវាស់វែងរួច ដឹកអ្នករងរបួសយកទៅព្យាបាលនៅតាមមន្ទីរពេទ្យ។ ចំណែកសពស្ត្រីថងគ្រោះខាងលើ នគរបាលបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ សម្ភារៈ រងការខូចខាតគោយន្ត០១គ្រឿងតិចតួច អូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕