ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២សហព័ន្ធសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធបានជំរុញដល់អភិបាលរាជធានី-ខេត្តទាំងអស់ ដែលជាសមាជិកសហព័ន្ធមេត្តាជួយបំផុសដល់យុវជន ងាកនាំគ្នាចូលរួមលេងកីឡាទូកឱ្យបានច្រើន ដើម្បីជ្រើសរើសបានយុវជនមានឧបនិស្ស័យមកហ្វឹកហាត់ត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ក្នុងនាមជាម្ចាស់ផ្ទះ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងប្រចាំខែមេសា ឆ្នាំ២០២៥ នៅដើមសប្តាហ៍នេះ ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ទៀតថា សហព័ន្ធគ្រោងបង្កើតកម្មវិធីបោះជំរុំហ្វឹកហាត់តាមបណ្តាខេត្ត ដែលជាការផ្តល់ឱកាសឱ្យយុវជនបានចូលរួមហ្វឹកហាត់។ ឯកឧត្តមបានណែនាំដល់អគ្គលេខាធិការជួយទំនាក់ទំនងឱ្យបានស៊ីជម្រៅជាមួយក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការស្នើសុំបញ្ជូនកីឡាករកីឡាការិនីវ័យក្មេងទៅហ្វឹកហាត់នៅចិន រយៈពេលវែង ហើយកីឡាករកីឡាការិនី ដើម្បីហ្វឹកហាត់ឱ្យមានគុណភាពបច្ចេកទេស។

បន្ថែមពីលើនេះ ឯកឧត្តម សរ សិទ្ធិ ក៏បានស្នើដល់អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា សូមមេត្តាជួយពន្លឿនការចាក់ដីធ្វើផ្លូវ សម្រាប់សាងសង់មជ្ឈមណ្ឌលកីឡដ្ឋានលើទឹកខេត្តស្វាយរៀង ដើម្បីសហព័ន្ធបានរៀបចំកម្មវិធីហ្វឹកហាត់ និងការប្រកួតជាតិ-អន្តរជាតិ ជាពិសេសត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ផងដែរ៕