កំពង់ស្ពឺ៖
កម្មារិនីរោងចក្រម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយកម្មករ កម្មារិនីប្រមាណជាង៤០នាក់ទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលរថយន្តដឹកកម្មកររោងចក្រ ប៉ះជាមួយរថយន្តហ្វតបត់ឆ្លងផ្លូវ ហើយជ្រុលទៅបុកដើមឈើពេញទំហឹងបង្កឱ្យមានការភ្ញាក់ផ្អើល។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង៦និង២០នាទី ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៩-ទៅលេខ១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ បាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3B-4649(មានដឹកកម្មករចំនួន៤២នាក់) អ្នកបើកបរឈ្មោះឈឿង នាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ចុះរត់គេចក្រោយកើតហេតុរួច) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត ។
លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចដូចខាងលើ បានទៅប៉ះរថយន្ដ០១គ្រឿង ម៉ាកFORD RANGER ពណ៌ស ពាក់ផ្លាកលេខ2BP-1891 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(ចុះរត់គេចក្រោយកើតហេតុរួច) ដែលកំពុងតែបើកបរនៅខាងមុខស្របទិសគ្នាហើយបត់ឆ្វេងឆ្លងផ្លូវ រួចរថយន្ដដឹកកម្មកររេចង្កូតកទៅបុកដើមឈើដែលនៅខាងឆ្វេងដៃបន្ថែមទៀត បណ្ដាលឲ្យស្លាប់កម្មារិនីម្នាក់ ឈ្មោះ ទ្រី មួយស៊ូន អាយុ២១ឆ្នាំ រស់នៅក្នុងភូមិចំបក់ផ្អែម ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ( ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។ រងរបួសធ្ងន់ធ្ងរចំនួន ០៥នាក់ស្រីរងរបួសស្រាល ៣៦នាក់ ស្រី ៣០នាក់។ និងរងការខូចរថយន្ដចំនួន០២គ្រឿង(ធ្ងន់០១គ្រឿង)៕