ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានលើកឡើងថា ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ដែលបានបិទបញ្ចប់ដោយជោគជ័យ គឺជាការដកពិសោធន៍ និងពង្រឹងសមត្ថភាពរបស់កីឡាករ កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។នេះជាលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសបិទការប្រកួតកីឡាបាញ់កាំភ្លើង ជើងឯកថ្នាក់ជាតិ ដែលបានធ្វើឡើងរយៈពេល២ថ្ងៃពីថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ កីឡាការិនីគ្រប់ៗរូប បន្តការខិតខំ តស៊ូ ហ្វឹកហាត់ឱ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។ ជំនាញកីឡានេះត្រូវការជាចាំបាច់នូវការហ្វឹកហាត់យ៉ាងច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីឈានទៅរកការទទួលជ័យជម្នះបាន។
បន្ថែមពីលើនេះ ប្រធានសហព័ន្ធគូសបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានគោលដៅដ៏ច្បាស់លាស់មួយ គឺយើងត្រូវយកជ័យលាភីមេដាយជូនជាតិឱ្យខានតែបាន ទាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត។