ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលចាស់នឹងត្រូវឡើងទៅប្រជែងម្ចាស់ដំណែងជើងឯកជាមួយក្រុមភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវឡើងការពារម្ចាស់ជើងឯក នៅរដូវកាល ២០២៤-២០២៥នេះ បន្ទាប់ពីបានយកឈ្នះក្រុមបឹងកេត ដោយលទ្ធផលសរុបទាំងពីរជើង ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះបឹងកេត ១-០ ហើយនៅជើងទី២ កាត់សេចក្តីកាលពីយប់ថ្ងៃពុធ ទី១៤ ខែឧសភ ឆ្នាំ២០២៥ គឺព្រះខ័នរាជស្វាយរៀងតាមយកស្មើក្រុមបឹងកេតវិញ ១-១ វិញ បន្ទាប់ពីបឹងកេតបានបើកការនាំមុន១គ្រាប់មុន នៅវគ្គទី១។

ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបឈ្នះជើងឯកលីគកំពូលកម្ពុជា រដូចកាល ២០២៤-២០២៥នេះនឹងត្រូវការពារម្ចាស់ជើងឯកទាំងពីរព្រឹត្តិការណ៍ដូចគ្នាកាលពីរដូវកាលមុនដែរ។ នេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមនីមួយៗទាមទារឈ្នះរៀងៗខ្លួន ដើម្បីប្រជែងជើងឯក។ គួររម្លឹកថា កាលពីឆ្នាំមុន ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ១-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ។ ដោយឡែកនៅក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិនេះ ក៏មានការប្រកួតដណ្តើមចំណាត់ថ្នាក់ថ្នាក់៣ មួយប្រកួតផងដែរ ដែលជាការជួបគ្នារវាងក្រុមវិសាខា និងបឹងកេត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៕