ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជាបានចេញមាតុប្រទេសរបស់ខ្លួនទៅចូលរួមប្រកួតក្នុងកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី (The 2025 ASIAN CHAMPIONSHIP U21 & Adult) នៅប្រទេសហ្សកដានី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ថោង ធន ប្រធានស្តីទីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានគូសបញ្ជាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ថា ការចូលរួមប្រកួតក្នុងកម្រិតជើងឯកអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជា។ នេះជាការចូលរួមរបស់ក្រុមជម្រើសជាតិកម្ពុជា ជារៀងរាល់ឆ្នាំ បន្ទាប់ពីការចូលរួមប្រកួតជើងឯកពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការវាស់ស្ទង់គុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជា។
ប្រធានស្តីទីរូបនេះសង្កត់ធ្ងន់ថា សហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិចាត់ទុកថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាតែងតែមានស្នាដៃល្អ ក្នុងការឈ្នះមេដាយជាមួយនឹងការបញ្ចប់លទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។ កត់សម្គាល់បន្ថែមពីលើនេ ឯកឧត្តម ថោង ធន អះអាងថា ការបញ្ជូនអត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍នេះគឺសហព័ន្ធបានបញ្ជូនអត្តពលិកជម្រើសជាតិ៦នាក់ ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ នៅកម្ពុជាកន្លងទៅ និងជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ជឺជីតស៊ូ ប្រចាំតំបន់អាស៊ីអាគ្នេយ កាលពីឆ្នាំមុន។
ឯកឧត្តម ថោង ធន បន្ថែមថា ការចូលរួមប្រកួតលើនេះ សហព័ន្ធក៏បានដាក់គោលដៅដណ្តើមមេដាយឱ្យបានជូនជាតិ ហើយប្រសិនបើលទ្ធផលមិនគាប់ប្រសើរតាមអ្វីដែលយើងចង់បាននោះទេ ក៏ជាបទពិសោធដ៏មានអត្ថន័យបំផុតរបស់កីឡាករ កីឡាការិនីកម្ពុជា ពីព្រោះការចូលរួមប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៥នេះគឺមានអត្តពលិកខ្លាំងៗច្រើនប្រទេសក៏បានចូលរួមដែរ ដូចជាអត្តពលិកមកពីប្រទេសអារ៉ាប់រួមជាដើម។