ភ្នំពេញ៖
អ្នកគ្រូបង្រៀនម្នាក់ ខណៈដើរចេញពីបន្ទប់ជួល បម្រុងទៅបង្រៀនសិស្សនៅឯសាលាឯកជនមួយ ស្រាប់តែមានអាការៈមិនស្រួលខ្លួនរួចក៏គាំងបេះដូងដួលស្លាប់ភ្លាមៗគួរឲ្យសង្វេគ ។
ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នៅមុខបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នារីរងគ្រោះខាងលើមានឈ្មោះ.អូន ស្រីដា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការនិងអ្នកគ្រូបង្រៀននៅសាលាអន្តរជាតិប្រាយ ឡែន ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។
យោងតាមមិត្តភក្ដិរួមការងារជាមួយជនរងគ្រោះ បាននិយាយថា ជនរងគ្រោះគឺជាក្មេងកំព្រាដែលត្រូវបានអង្គការមួយ យកទៅចិញ្ចឹមតាំងពីតូចមកម្ល៉េះ ហើយបានទំនុកបម្រុងឲ្យរៀនសូត្រ រហូតបានក្លាយជាគ្រូបង្រៀនម្នាក់ នាងបានស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើតែម្នាក់ឯងប៉ុណ្ណោះ ។
ប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុ នាងបានដើរស្ពាយកាបូបចេញពីបន្ទប់ជួលក្នុងបំណងទៅបង្រៀនសិស្ស. លុះពេលដើរដល់មុខបន្ទប់មានអាការៈមិនស្រួលខ្លួន ក៏បានស្រែកហៅគេឲ្យជួយ ហើយក៏បានដួលដេកទៅលើសាបតែម្ដង។
ភ្លាមៗនោះ អ្នកលក់ដូរនៅក្បែរនោះបានជួយសង្រ្គោះបឋមនិងហៅរថយន្តពេទ្យឲ្យទៅដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះដែរ តែអកុសលនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ដង្កោ សហការជាមួយនគរបាលខណ្ឌដង្កោនិងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសពនិងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕