មេទ័ពអ៊ីស្រាអែលលោក អីយាល់ ហ្សាម៊ៀរ បានប្រកាសកាលពីថ្ងៃអង្គារ ទី20 ខែឧសភាថា យោធាអ៊ីស្រាអែល នឹងពង្រីកប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា ហើយនឹងដណ្តើមកាន់កាប់ទឹកដីបន្ថែមទៀត។ លោក អីយាល់ បានបន្ថែមថា យើងកំពុងធ្វើសកម្មភាពតាមផែនការដែលបានគ្រោងទុក និងកំពុងឈានទៅដំណាក់កាលបន្ទាប់ យើងនឹងពង្រីកប្រតិបត្តិការយោធារបស់យើង គ្រប់គ្រងទឹកដីបន្ថែមទៀត និងបោសសម្អាតទីតាំងហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់ក្រុមភេរវករ។ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ ព្រមទាំងបានព្រមានប្រជាជនដែលកំពុងជ្រកកោននៅក្នុងទីក្រុង ខាន់ យូនីស ឲ្យភៀសខ្លួនចេញពីតំបន់នេះ ខណៈដែលខ្លួនកំពុងរៀបចំសម្រាប់ "ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក" ដើម្បីបោសសម្អាតក្រុមហាម៉ាស។