កណ្តាល ៖
សមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ រយ:ពេល០២ឆ្នាំ ករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)ដោយខុសច្បាប់  តែពេលបានចេញមកវិញមិនរៀងចាល នៅតែប្រព្រឹត្តមុខរបរចាស់ដដែល ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាលើកទី០៣ ខណ:ជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។


ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ នៅចំណុច ផ្ទះរបស់ឈ្មោះ ហេង ហៃ ដែលស្ថិតនៅក្នុងភូមិព្រែកតាតឹន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ 

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា÷ជនសង្ស័យមានគ្នីគ្នាចំនួន ០២នាក់៖
១-  ឈ្មោះ រិន ផាណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ( ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល០២ឆ្នាំ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)  ត្រូវបានឃាត់ខ្លួន ។ 
២- ឈ្មោះ ហេង ហៃ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ មានទីលំនៅទីតាំងកើតហេតុ  បានរត់គេចខ្លួន ។  
ចំពោះវត្ថុតាងដែលសមត្ថកិច្ច ដកហូតបាន មាន៖ សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០១ កញ្ចប់ទម្ងន់ ២១,៦៥ក្រាម,  ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១ , និងឧបករណ៍សម្រាប់វិចខ្ចប់និងប្រើប្រាស់មួយចំនួន។  
    
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕