ឃ្លាំងស្តុកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សា ត្រូវបានបំបែកដោយ "ហ្វូងមនុស្សស្រែឃ្លាន" រាប់រយនាក់កាលពីថ្ងៃពុធ ទី28 ខែឧសភា ខណៈដែលតំបន់នេះ កំពុងប្រឈមនឹងគ្រោះទុរភិក្ស។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងថា របាយការណ៍ដំបូងបានបញ្ជាក់ថា មានមនុស្ស 2 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស អំឡុងពេលនៃសម្រុកចូលឃ្លាំងជំនួយនេះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការបន្ថែមការផ្តល់ជំនួយជាបន្ទាន់ "ដើម្បីធានាដល់ប្រជាជនប៉ាឡេស្ទីន ថាពួកគេនឹងមិនអត់ឃ្លាននោះទេ"។ គួរបញ្ជាក់ផងដែរថា ក្រោមសម្ពាធអន្តរជាតិ អ៊ីស្រាអែលបានបញ្ចប់ការបិទផ្លូវជំនួយរយៈពេល 11 សប្តាហ៍របស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សា កាលពី 10 ថ្ងៃមុន ដោយបានអនុញ្ញាតឲ្យមានការផ្តល់ជំនួយ មានកំណត់ តាមរយៈអង្គការសហប្រជាជាតិ ឬមូលនិធិមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក។ តែយ៉ាងណាមិញ យោងតាមបេសកជនតំបន់មជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ បរិមាណជំនួយដែលអ៊ីស្រាអែលបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា គឺ "ប្រៀបដូចជាការបញ្ជូនកូនទូកសង្គ្រោះតូចមួយ បន្ទាប់ពីកប៉ាល់ដ៏ធំមួយ ត្រូវបានលិច" អញ្ជឹង។