ភ្នំពេញ៖ 

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឈានទៅសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងខេត្តស្វាយរៀង បង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់និងដកហូតថ្នាំញៀនប្រមាណ ជិត៣គីឡូក្រាម។ 

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១.ឈ្មោះ ឡេង វាសនា ហៅក្រៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ២.ឈ្មោះ សេង គឹមសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថាដោយមានការស្រាវជ្រាវ អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទៅសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការឆែកឆេរ៣ទីតាំងជាបន្តបន្ទាប់ រកឃើញថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនិង២គីឡូ ៦ខាំ ៩២.៧០ក្រាម, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀន រួមនិងសម្ភារៈមួយចំនួនទៀត និងធ្វើការឃាត់ខ្លួនសង្ស័យពីរនាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕