ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី29 ខែឧសភាថា ទីក្រុង គៀវ មិនទាន់ទទួលបានអនុស្សរណៈនៃកិច្ចព្រមព្រៀងសន្តិភាព រួមទាំងពេលវេលានៃបទឈប់បាញ់ពីរុស្ស៊ីនោះទេ។ ប្រទេសអ៊ុយក្រែន មិនបានយល់ព្រមជាផ្លូវការចំពោះកិច្ចប្រជុំដែលបានស្នើឡើងដោយប្រទេសរុស្ស៊ីនៅថ្ងៃទី 2 ខែមិថុនាខាងមុខនោះទេ និងបាននិយាយថា ទីក្រុង គៀវ បានបញ្ជូនអនុស្សរណៈរបស់ខ្លួនរួចហើយអំពីដំណោះស្រាយដែលមានសក្តានុពល ហើយក៏បានអំពាវនាវឲ្យរុស្ស៊ីចាប់ផ្តើមបញ្ជូនអនុស្សរណៈរបស់ខ្លួនភ្លាមៗ ជាជាងរង់ចាំរហូតដល់សប្តាហ៍ក្រោយ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានជជែកតាមទូរសព្ទ័ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី 19 ខែឧសភា លោកប្រធានាធិបតីរុស្ស៊ី ពូទីន បាននិយាយថា លោកបានយល់ព្រមធ្វើការជាមួយប្រទេសអ៊ុយក្រែនលើអនុស្សរណៈមួយស្តីអំពីកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់នៅក្នុងសង្រ្គាមជាមួយប្រទេសអ៊ុយក្រែន។