តារាសម្តែង និងបវរកញ្ញា ម៉ាច ដាវី កាលពីពេលថ្មីៗនេះ បានផ្តល់បទសំភាសន៍ជាមួយបណ្តាសារព័ត៌មានថា ខ្លួនមិនទាន់សម្រេចចិត្តចូលមកកាន់វិស័យប្រកួតសម្រស់វិញនោះទេ នៅក្នុងឆ្នាំ ២០២៥ នេះ។ អតីតម្ចាស់ជ័យលាភីលេខមួយ ពីកម្មវិធីបវរកញ្ញាដ៏អស្ចារ្យនៃខេត្តរតនគិរី ឆ្នាំ២០២៤ និងជាលំដាប់រងទី៣ ពីកម្មវិធីបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២៤ រូបនេះ បានប្រកាសបែបនេះ ក៏ដោយសារតែបច្ចុប្បន្ននាងបាននឹងកំពុងសំងំធ្វើរឿងមួយ ពោលគឺត្រៀមខ្លួនបង្ហាញផលិតផលថែរក្សាសម្រស់ ដែលជាមុខជំនួញថ្មីរបស់នាង។ ផលិតផលថែរក្សាសម្រស់ដែលនឹងត្រៀមបញ្ចេញនាពេលខាងមុខនេះ នាងបានចំណាយដើមទុនផលិតជាមួយរោងចក្រពីប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង។ ងាកមកវិស័យសិល្បៈវិញ ដាវី ក៏បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ ខ្លួនក៏បានផ្អាកការទទួលថតខ្សែភាពយន្តផងដែរ ដោយចង់យកពេលវេលាដែលមាន ផ្តោតទៅលើការធ្វើមុខជំនួញរបស់នាងសិន។ ដាវី បន្តថា មុខជំនួញដែលជាប្រភេទផលិតផលថែរក្សាសម្រស់នេះ អាចនឹងដាក់លក់នៅលើទីផ្សារនៅចុងឆ្នាំ ២០២៥ ឬ ដើមឆ្នាំ ២០២៦។ ហើយបើសិនជាជំនួញរបស់នាងមានស្ថេរភាព នៅក្នុងឆ្នាំ ២០២៦ តារាស្រីខាងលើ នឹងពិចារណាចូលមកកាន់វិស័យសិល្បៈវិញ។ ដោយឡែកចំពោះវិស័យប្រកួតសម្រស់វិញ ដាវីក៏បានបញ្ជាក់ច្បាស់ៗថា នឹងមានពីរផ្លូវដែលត្រូវជ្រើសរើស ទីមួយអាចនឹងវិលមកវិញក្នុងនាមអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ ទីពីរអាចនឹងវិលមកវិញក្នុងនាមជាបេក្ខនារីចូលរួមប្រកួត ប៉ុន្តែខណៈពេលនេះ នាងសុំពង្រឹងសមត្ថភាពឱ្យខ្លាំងជាងមុនសិនទើបវិលមកកាន់វិស័យមួយនេះវិញ។

ជាចុងក្រោយ ម៉ាច ដាវី ក៏មិនភ្លេចអរគុណទៅកាន់បណ្តាអ្នកគាំទ្ររបស់ខ្លួន ដែលនៅតែស្រឡាញ់ និងរង់ចាំការវិលត្រលប់មកវិញរបស់នាងនៅក្នុងវិស័យ Beauty Pageant ផងដែរ៕