ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ គ្រោងដំណើរការប្រកួតរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៥ ដែលមាន មន្ទីរអប់រំ យុវជននិងកីឡា ២៥ រាជធានីខេត្ត ចូលរួមដោយធ្វើការប្រកួតលើ ១៤ ប្រភេទកីឡាស្មើនឹង ១២៣ វិញ្ញាសា។សម្រាប់កីឡាចំបាប់ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៥ នៅសាលសហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក។


   កញ្ញា កាំង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ សហព័ន្ធបានដាក់ ៨ ប្រភេទទម្ងន់ គឺមានតែវិញ្ញាសាចំបាប់សេរីតែមួយប៉ុណ្ណោះ។ ប្រភេទទម្ងន់ដែល អត្តពលិក រាជធានីខេត្ត ចូលរួមប្រកួតប្រជែងនោះ មានដូចជា ចំបាប់សេរីនារីទម្ងន់ ៥០គីឡូក្រាម ចំបាប់សេរីនារីទម្ងន់ ៥៥គីឡូក្រាម និងចំបាប់សេរីនាទីទម្ងន់ ៦០គីឡូក្រាម។ ផ្នែកបុរស ចំបាប់សេរីទម្ងន់ ៥០គីឡូក្រាម ចំបាប់សេរីទម្ងន់ ៥៥គីឡូក្រាម និងចំបាប់សេរីទម្ងន់៦០កីឡាក្រាម ។ ខណៈចំបាប់សេរីទម្ងន់ធ្ងន់បុរស មាន ៦៥គីឡូក្រាម និង៧៥គីឡូក្រាម។


កញ្ញា កាំង ណុចបវរ បានរំលេចថា ការប្រកួតកីឡាចំបាប់ សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៥នេះ គោលដៅចម្បងរបស់ ក្រសួងអប់រំ យុវជន និងកីឡា គឺចម្រាញ់ស្វែងរក កីឡាករ កីឡាការិនីចំបាប់ឆ្នើមៗ ដែលជាសិស្ស ដើម្បីយកមកបណ្តុះបណ្តាលឱ្យក្លាយជា កីឡាករ កីឡាការិនី ដែលមានសក្កានុពល សម្រាប់កម្ពុជាត្រៀមប្រកួតលើឆាកអន្តរជាតិ។ ទន្ទឹមជាមួយគ្នានេះដែរ ការប្រកួតមួយនេះ ក៏ជាការផ្តល់ជូននូវសុខមាលភាព ដល់សិស្ស និងបង្កើតបរិយាកាសសប្បាយរីករាយ ផ្សារភ្ជាប់ ទំនាក់ទំនង មិត្តភាព សាមគ្គីភាព ដែលជាការឆ្លើយតប និងយុត្តិសាស្រ្តរាជរដ្ឋាភិបាលកម្ពុជា គឺប្រជាពលរដ្ឋម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត។


គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយរៀបចំលើ ១៤ ប្រភេទកីឡា ស្មើនឹង ១២៣ វិញ្ញាសា។ ព្រឹត្តិការណ៍នេះមានការចូលរួមពី ២៥ រាជធានី-ខេត្ត សរុប ៣៦២០នាក់ ក្នុងនោះប្រតិភូ ៨៧នាក់ ថ្នាក់ដឹកនាំ ១៨៩នាក់ ស្រី ១៥នាក់ គ្រូបង្វឹក គ្រូជំនួយ ៤១៣នាក់ ស្រី ៦៦នាក់ កីឡាករ ១៥៨៩នាក់ និងកីឡាការិនី ១២៦១នាក់៕