ភ្នំពេញ៖ 

បុរសជាកូនកម្លោះម្នាក់ខានក្រេបទឹកឃ្មុំ ក្រោយពីមានទំនាស់ជាមួយក្រុមអ្នកផឹកទឹកត្នោតជូរនៅជិតរោងការ រហូតក្លាយជាអំពើហិង្សាវាយកាប់ចាក់គ្នា ទៅវិញទៅមក បណ្ដាលឲ្យរងរបួសធ្ងន់ក្នុងយប់ថ្ងៃរៀបមង្គលការរបស់ខ្លួន ។

ហេតុការណ៍ខាងលើ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងចំណុចភូមិ អង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ភាគីខាងកូនកម្លោះហៅថាភាគី(ក) មានច្រើននាក់ប៉ុន្តែត្រូវបានគេស្គាល់ចំនួន ៣នាក់ រួមមានទី១-កូនកម្លោះឈ្មោះ សួរ ពួង ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ រងរបួសបែកក្បាល។ ទី២- ឈ្មោះ លឹម សុក្រពេញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការងាររោងចក្រ រងរបួសស្រាល ។ ទី៣-ឈ្មោះ ម៉ សុខពៅ ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន រងរបួសបែកក្បាល ។ 

ភាគីទី២ ហៅថា(ខ) ក៏មានគ្នាច្រើនដូចគ្នា និងត្រូវបានគេស្គាល់ម្នាក់ឈ្មោះ រឿន តុងលិក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិខាងលើ របួសហើមថ្គាមផ្នែកខាងស្ដាំនិងហើមថ្ងាស ចំណែកអ្នកបក្ខពួក រត់គេចខ្លួនអស់ ។

សមត្ថកិច្ច បានប្រាប់ថានៅមុនពេលកើតហេតុ ខណៈពិធីទទួលភ្ញៀវដែលទៅចូលរួមពិសារភោជនាហារក្នុងពិធីមង្គលការរបស់ខ្លួន ហើយខ្វះស្រាបៀរ កូនកម្លោះបានប្រើក្មួយប្រុសបង្កើតរបស់ខ្លួនម្នាក់ឈ្មោះលឹម សុក្រពេញ ដែលជាក្រុមតន្រ្តីឲ្យទៅទិញស្រាបៀរចំនួន២កេះ នៅតូបលក់ចាបហួយមួយកន្លែងនៅជិតរោងការដើម្បីយកមកថែមឲ្យភ្ញៀវ ។ ខណៈដើរទៅទិញស្រា ក៏ត្រូវបានភាគីម្ខាងទៀត(ភាគីខ)ដែលកំពុងអង្គុយផឹកទឹកត្នោត ជូរនៅផ្ទះជិតកន្លែងលក់ចាប់ហួយ បានឌឺដងដាក់អោយ ហើយក៏មានការទាស់ពាក្យសម្ដីគ្នា បន្ទាប់មក ឈ្មោះលឹម សុក្រពេញ ក៏បានទៅប្រាប់កូនកម្លោះដែលជាពូ ។

សមត្ថកិច្ច បានប្រាប់ទៀតថា ភ្លាមៗនោះ កូនកម្លោះបាននាំបក្ខពួកដើរទៅសួរនាំភាគី(ខ) ក៏បង្កជាជម្លោះវាយគ្នាទៅវិញទៅមក ។ ខាងកូនកម្លោះប្រដាប់ដោយដែកបំពង់ទីបនិងពូថៅ ចំណែកម្ខាងទៀត ប្រដាប់ដោយកាំបិតនិងដំថ្ម ព្រមទាំងមួកសុវត្ថិភាពដេញវាយផ្អើលកន្លែងកើតហេតុ ទើបបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងររៀងៗខ្លួន ហើយកូនកម្លោះរបួសធ្ងន់។ បន្ទាប់មក ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅលោកសង្ឃ ។ ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួន និងដាក់កម្លាំងយាមអ្នករងរបួសនៅមន្ទីរពេទ្យ ដើម្បីរង់ចាំឃាត់ខ្លួនសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕