ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យ ទី4 ខែឧសភាថា បទឈប់បាញ់ជាមួយរុស្ស៊ីក្នុងសង្គ្រាមដែលមានរយៈពេលជាងបីឆ្នាំនេះ គឺអាចធ្វើទៅបាននៅក្នុងពេលជាក់ស្តែងណាមួយ ព្រមទាំងបានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុង គៀវ បន្ថែមសម្ពាធកាន់តែខ្លាំងលើទីក្រុងមូស្គូ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ហ្សេលេនស្គី បានបញ្ជាក់ថា លុះត្រាតែមានសម្ពាធកាន់តែខ្លាំង នោះទើបមេដឹកនាំរុស្ស៊ី ពូទីន នឹងចាត់វិធានការពិតប្រាកដដើម្បីបញ្ចប់ជម្លោះ ហើយយើងជឿជាក់ថា បទឈប់បាញ់អាចធ្វើទៅបាននៅពេលជាក់ស្តែងណាមួយ ហើយគួរតែមានរយៈពេលយ៉ាងហោចណាស់ 30 ថ្ងៃ ដើម្បីផ្តល់ឱកាសឲ្យការធ្វើការទូតពិតប្រាកដ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ពូទីន កាលពីសប្តាហ៍មុនបានប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃ ដែលចាប់ផ្តើមដំណើរការនៅថ្ងៃទី 8 ដល់ថ្ងៃទី 10 ខែឧសភាខាងមុខនេះ ដើម្បីប្រារព្ធខួបលើកទី 80 នៃជ័យជំនះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួនលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ ខណៈដែលលោកប្រធានាធិបតី ហ្សេលេនស្គី បានឆ្លើយតបថា វិធានការបែបនេះ គឺគ្មានន័យអ្វីនោះទេ នឹងបានអំពាវនាវជំនួសមកវិញឲ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងរយៈពេលយ៉ាងហោចណាស់ 30 ថ្ងៃ។