កណ្តាល ៖
បុរសជាជនសង្ស័យម្នាក់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួនពីរដងរួចមកហើយ ទាក់ទងករណីហិង្សាដោយចេតនា ពេលចេញមកវិញមានសេរីភាព ក៏នៅតែប្រព្រឹត្តអំពើហិង្សា ដោយចេតនាទៀតទៅលើអតីតសង្សា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទីបី។ ហេតុការណ៍មិនរៀងចាលនេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះជាស្ត្រី មានឈ្មោះ ឆេង សិរីរត្ន័ អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បកប្រែភាសារចិន មានរបួសស្នាមជាំភ្នែក និងភ្លៅ។ ចំនែកជនសង្ស័យមានឈ្មោះ តាំង វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មាន ទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ ចំពោះវត្ថុតាងចាប់យក មាន៖ ដំបងឈើចំនួនមួយ, ដុំថ្មចំនួន៤ដុំ។
លោកអធិការបន្តទៀតថា÷មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះជាសង្សានិងគ្នា បន្ទាប់មក ជនសង្ស័យ បានប្រចណ្ឌ័ជនរងគ្រោះ ក៏កើតទៅជាជម្លោះគ្នាឡើង ហើយ ជនសង្ស័យ បានវាយតប់ទៅលើជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាម ។
ពេលនោះ បងប្អូនរបស់ជនរងគ្រោះ បានចូលទៅជួយឃាត់ តែត្រូវជនសង្ស័យយកដំបង និងដុំថ្មដេញគុប ទើបត្រូវបងប្អូនរបស់ជនរងគ្រោះនិងប្រជាពលរដ្ឋព្រមទាំងកម្លាំង នគរបាល ប៉ុស្តិ៍នាំគ្នាចាប់ខ្លួនយកមកប៉ុស្តិតែម្តង។
តាមការសាកសួរ ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានវាយស្ត្រីជាជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាមប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលល្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕