ភ្នំពេញ៖ 

ក្រុមក្មេងទំនើងYSK ហៅ «យើងស្រលាញ់គ្នា»និងក្រុមAline«ហៅ អេលៀន» ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការគ្នាជាមួយនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដង្កោ បង្ក្រាបបាន ដោយដកហូតបាន ម៉ូតូនិងកាំបិតដាវជាច្រើន។ 

ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យ មានបក្សពួកច្រើននាក់ បានធ្វើសកម្មភាពបង្កហិង្សាដោយចេតនាចំនួនពីរករណី ក្នុងមូលដ្ឋានខណ្ឌដង្កោនិងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។  

    

តាមគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង១០នាក់នោះ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពចំនួនពីរករណី៖ករណីទី១ បង្កហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង)នៅចំនុច ផ្លូវផ្លូវថៃហ្គ័រ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:៤០នាទីយប់ និងករណីទី២ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង) នៅចំនុច ផ្លូវ១០៤ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០៦នាទីយប់ ។ 

តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យនៅមានបក្សពួកនៅសេសសល់ទៀតហើយសមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវតាមឃាត់ខ្លួន ឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ៕