នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី22 ខែឧសភាថា មេដឹកនាំចក្រភពអង់គ្លេស បារាំង និងកាណាដា កំពុងឈរខាងមនុស្សខុស ពោល គឺ 2 ថ្ងៃបន្ទាប់ពីមេដឹកនាំប្រទេសទាំង 3 បង្ហាញពីភាពតក់ស្លុតចំពោះការកើនឡើងការវាយប្រហារនៅតំបន់ហ្គាហ្សា។ ចក្រភពអង់គ្លេស បានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រលប់មកវិញ និងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅតំបន់ វែសប៊េង (West Bank)។ គួរបញ្ជាក់ផងដែរថា យោធាអ៊ីស្រាអែលបានប្រកាសពីប្រតិបត្តិការវាយលុកតាមផ្លូវគោកថ្មីកាលពីសប្តាហ៍មុន ខណៈដែលក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រមាណ 500 នាក់បន្ថែម ក្នុងរយៈពេល 1 សប្តាហ៍កន្លងមកនេះ។