គណៈប្រតិភូប្រទេសអ៊ុយក្រែនដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលជាមួយគណៈប្រតិភូរុស្ស៊ី នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ុយក្រែន គឺលោក រូស្តេម អ៊ូមឺរូហ្វ (Rustem Umerov) រួមជាមួយអនុប្រធាននៃសេវាស៊ើបការណ៍សម្ងាត់ អគ្គសេនាធិការរងនៃអគ្គសេនាធិការយោធា និងអនុរដ្ឋមន្ត្រីការបរទេស។ រីឯខាងភាគីរុស្ស៊ី ប្រធានគណៈប្រតិភូដែលដឹកនាំដោយជំនួយការរបស់លោកប្រធានាធិបតី ពូទីន គឺលោក មេឌីនស្គី បាននិយាយថា លោករំពឹងថាអ្នកតំណាងរបស់អ៊ុយក្រែននឹងបង្ហាញខ្លួនសម្រាប់ការពិភាក្សានៅថ្ងៃសុក្រ ទី16 ខែឧសភានេះ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយថា ការខកខានរបស់លោកប្រធានាធិបតី ពូទីន ដែលមិនបានមកជួបចរចារផ្ទាល់មុខ ជាមួយរូបលោកនេះ បង្ហាញថាទីក្រុងម៉ូស្គូមិនចង់បានសន្តិភាពនោះទេ។ នេះ ជាកិច្ចចរចាដោយផ្ទាល់លើកដំបូងរវាងភាគីជម្លោះទាំងពីរ រុស្ស៊ី អ៊ុយក្រែន ចាប់តាំងពីខែមីនាឆ្នាំ 2022 ប៉ុន្តែក្តីសង្ឃឹមនៃការបញ្ចប់សង្រ្គាមនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលគ្មានវត្តមានរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាអ្នកសម្របសម្រួលដ៏ធំ និងលោកប្រធានាធិបតីរុស្ស៊ីផ្ទាល់។