យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃ មូលនិធិគន្ធបុប្ផាកម្ពុជា។ គោលបំណងនៃការរៀបចំយុទ្ធនាការនេះឡើងមក គឺដើម្បីកៀរគរថវិកាដោយស្ម័គ្រចិត្តពីសាធារណជននៅទូទាំងប្រទេស បំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ស្នាមញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា។ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក៏ជាយុទ្ធនាការដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ផងដែរ។
យ៉ាងណាមិញក្រោយពេលយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញនានា គេសង្កេតឃើញថា មានសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ ដែលនេះសបញ្ជាក់ពីទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនជនជាតិខ្មែរ។
តាមយៈ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នេះ តារាចម្រៀងរ៉េបដែលកំពុងកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺទាំងក្នុងស្រុកនិងក្រៅស្រុក លោក វណ្ណដា ក៏បានចូលរួមចំណែកជាថវិការហូតដល់ទៅ ១០ លានរៀលឯណោះ។ ជាមួយគ្នានេះ លោកក៏បានបំផុសបំផុលឱ្យអ្នកគាំទ្ររបស់ខ្លួនចូលរួមយុទ្ធនាការនេះផងដែរ។
គួរឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ បងប្អូនដែលចង់ចូលរួមបរិច្ចាគ អាចចូលទៅកាន់ទំព័រហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation សម្រាប់ព័ត៌មានបន្ថែម៕