ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី19 ខែឧសភាថា លោកបានជជែកតាមទូរសព្ទជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទាំងមុន និងក្រោយការជជែកតាមទូរសព្ទរវាងលោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន។ លោក ហ្សេលេនស្គី បានបញ្ជាក់ថា បន្ទាប់ពីការជជែករវាងលោកប្រធានាធិបតី ត្រាំ និង ពូទីន មក ក៏មានការជជែកតាមទូរសព្ទជាមួយមេដឹកនាំប្រទេសបារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប។ អំឡុងពេលការជជែកតាមទូរសព្ទដំបូងជាមួយលោកប្រធានាធិបតី ត្រាំ លោក ហ្សេលេនស្គី បាគូសបញ្ជាក់អំពីតម្រូវការសម្រាប់បទឈប់បាញ់និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក៏ដូចជាសារៈសំខាន់នៃសម្ព័ន្ធមិត្តរបស់ទីក្រុង គៀវ ដែលនឹងមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី ដោយគ្មានការចូលរួមរបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបន្ថែមថា ទីក្រុង គៀវ និងដៃគូរបស់ខ្លួន ក៏កំពុងពិចារណារៀបចំ កិច្ចប្រជុំកម្រិតខ្ពស់មួយរវាងប្រទេសអ៊ុយក្រែន រុស្ស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្តាប្រទេសសហភាពអឺរ៉ុប ដើម្បីជំរុញបញ្ចប់សង្រ្គាមដែលអូសបន្លាយមករយៈពេលជាង 3 ឆ្នាំមួយនេះ។