SEAVFC ជំនាន់ទី៥ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២៥នេះហើយ





«មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children - SEAVFC) ត្រូវបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ២០១៧មក នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដើម្បីអបអរដល់ស្នាដៃវីដេអូដែលផលិតដោយ និងស្តីពីកុមារពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០។​ ​ដើម្បីស្វាគមន៍ជំនាន់ថ្មី SEAVFC បានបើកប្រកាសទទួលរឿងប្រកួត ដល់វីដេអូខ្លី ចាប់តាំងពីចុងខែមេសាកន្លងទៅ។ មហោស្រពនេះទទួលស្វាគមន៍ម្ចាស់ស្នាដៃសឹងគ្រប់វ័យចាប់កុមារ ដល់មនុស្សពេញវ័យ មិនថាអ្នកអាជីព ឬថ្មោងថ្មីក្តី ឱ្យតែសាច់រឿងទាក់ទង ឬផលិតដោយកុមារក្នុងបណ្តាប្រទេសទាំងនោះ។ ការប្រកួតនេះ ត្រូវបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ទោះបីមានការអាក់ខានកំឡុងពេលវិបត្តិកូវីដក្តី ដើម្បីលើកទឹកចិត្តដល់ កុមារ និងយុវសមិទ្ធិករយើង ឱ្យបង្ហាញទេពកោសល្យ និងគំនិត ច្នៃប្រតិដ្ឋរបស់ខ្លួន។ SEAVFC ជំនាន់ទី៥នេះនឹងត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជាយើង ដោយ«ក្រុមភាពយន្តឈូករ័ត្ន» (Sunflower Film Alliance [SFA]) រួមជាមួយដៃគូក្នុងស្រុកជាច្រើន ជាមួយនឹងប្រធានបទថ្មីគឺ «វេទមន្តនៃសន្តិភាព» (The Magic of Peace)

ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១១ប្រភេទដូចតទៅ៖

វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុ៧ឆ្នាំចុះ

វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី៨ ដល់១២ឆ្នាំ

វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ដល់១៧ឆ្នាំ

វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុ៧ឆ្នាំចុះ

វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី៨ ដល់១២ឆ្នាំ

វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ដល់១៧ឆ្នាំ

សមិទ្ធករវីដេអូកុមារ អាយុ១២ឆ្នាំចុះ

សមិទ្ធករវីដេអូ អាយុពី១៣ ដល់១៥ឆ្នាំ

សមិទ្ធករវីដេអូ អាយុពី១៦ ដល់១៧ឆ្នាំ

សមិទ្ធករវីដេអូថ្មោងថ្មី ឯករាជ្យ អាយុចាប់ពី១៨ឆ្នាំឡើង

សមិទ្ធករវីដេអូថ្មោងថ្មី និស្សិត អាយុចាប់ពី១៨ឆ្នាំឡើង

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៥នេះ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាម ប្រទេសនីមួយៗ។ អ្វីដែលពិសេស កុមារតាមប្រទេសនីមួយៗ យ៉ាងហោចណាស់ម្នាក់ នឹងត្រូវបានជ្រើសរើស ឱ្យចូលរួមតំណាង ក្នុងមហោស្រពធំនេះ ជាមួយអាណាព្យាបាលមួយរូប ដោយបង់ចំណាយមួយចប់ ដោយលេខាធិការដ្ឋានរបស់មហោស្រពប្រចាំតំបន់!

 លោក ស៊ុំ ស៊ីថែន ជានាយកគណៈប្រឹក្សាភិបាលរបស់ មហោស្រពSEAVFC  ប្រចាំប្រទេសកម្ពុជា នេះថ្លែងថា៖ «ទោះបីឆ្នាំមុន កម្ពុជាមិនមានវីដេអូណា បានជាប់ទៅវគ្គផ្តាច់ព្រ័ត្រ លើឆាកតំបន់នេះក៏ដោយ ក៏គណៈប្រតិភូកម្ពុជា ត្រូវបានអញ្ជើញចូលរួមចំណែក៖​

១. សម្រេចសេចក្តីវីដេអូជាប់វគ្គផ្តាច់ព្រ័ត្រ

២. សម្របសម្រួលកិច្ចពិភាក្សាលើគម្រោងវីដេអូទាក់ទងនឹងកុមារ

៣. កំណត់ប្រធានបទសម្រាប់ឆ្នាំ ២០២៥

៤. ចាក់បង្ហាញវីដេអូស្តីពីខេត្តសៀមរាប ទីក្រុងវប្បធម៌របស់ អាស៊ាន និង

៥. ចែករង្វាន់ដល់ជ័យលាភីប្រចាំឆ្នាំ។

ដូច្នេះ ឆ្នាំនេះ យើងខ្ញុំសង្ឃឹមថា កម្ពុជានឹងបង្កើនចំនួនវីដេអូដែលដាក់ប្រកួត និងពង្រឹងគុណភាពរឿង តាមរយៈមេរៀនដែលយើងទទួល បានពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត»

 

ដោយសារមហោស្រពត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន កញ្ញា ឃុំ ធីតា អនុប្រធានក្រុម បានផ្តល់យោបល់ថា៖  «ក្រុមភាពយន្តឈូករ័ត្ន រៀបចំ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ី អាគ្នយ៍» ជំនាន់ទី៥ ដោយសារគោលបំណងដូចខាងក្រោម :

 

កម្មវិធីនេះស្របជាមួយគោលដៅរបស់ ក្រុមភាពយន្តឈូករ្ន័តដែលជំរុញ និងបណ្តុះបណ្តាលយុវជន ដែលស្រលាញ់វិស័យភាពយន្ត ដោយយើងអាចចាប់ផ្តើមពីកុមារជំទង់ឡើងទៅ។

ការចូលរួមមិនថាគណៈកម្មការអភិបាល និងកុមារជ័យលាភីទេ សុទ្ធតែតំណាងឱ្យមុខមាត់ប្រទេសជាតិ។ កាលណាកុមារ ឬ បេក្ខជនប្រកួតទទួលបានភាពជោគជ័យនោះបង្ហាញថាកុមារឬ អ្នកប្រកួតរបស់កម្ពុជាគឺមានសមត្ថភាព និងទេពកោសល្យ ជាលក្ខណអន្តរជាតិ។

ក្រុមភាពយន្តឈូករ័ត្ន នឹងទទួលបានកត្តិយស ដោយសារក្លាយជាកន្លែងដែលអាចឱ្យអ្នកស្នេហាវិស័យភាពយន្ត ឬវីដេអូ នឹកដល់មុនគេ។»

សូមរំលឹកដែរថាកាលពីឆ្នាំ២០២៤ តំណាងឱ្យប្រទេសកម្ពុជាយើង កុមារា សេង សូលីហេង មកពីសាលា Ontario International School នៅរាជធានីភ្នំពេញ កាលនោះរៀនថ្នាក់ទី៦ ត្រូវបានជ្រើសរើសតំណាងប្រទេសកម្ពុជា ក្នុងឱកាសមហោស្រពធំ នៅទីក្រុង គួឡាឡាំពួរ អមដំណើរដោយនាយកគណៈប្រឹក្សាភិបាល និង គណៈមេប្រយោគ ប្រចាំស្រុកផងដែរ៕