ភ្នំពេញ៖
កម្មករ កម្មការិនីរោងចក្រ«គល័ ស្ដា »ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ បានធ្វើបាតុកម្មបិទផ្លូវលេខ២១៧ ត្រង់ចំណុចមុខរោងចក្រខាងលើ ស្ថិតនៅក្បែរផ្សារព្រែកជ្រៃ ក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រោយពីបានឃើញថៅកែរោងខាងលើបិទស្លាកជូនដំណឹងស្ដីពីការផ្លាស់ប្ដូររោងចក្រចេញពីទីតាំងចាស់ ទៅកាន់ ទីតាំងថ្មីស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ហើយមិនទាន់បានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមច្បាប់ការងារនៅឡើយ ។
កម្មករ បាននិយាយថា រោងចក្រ គល័ ស្ដា ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ នោះ មានថៅកែជាជនជាតិចិន ហើយ បានដំណើរការមកជាង១០ឆ្នាំមកហើយ ដែលមានកម្មករបម្រើការងារប្រហែលជិត១ពាន់នាក់ ហើយ ការបើកប្រាក់ឈ្នួលឲ្យកម្មករគឺទៀងទាត់រាល់ខែមិនដែលមានបញ្ហានោះទេ ។
ប៉ុន្តែកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្រាប់តែថៅកែបិទស្លាកជូនដំណឹងដល់កម្មករ ស្ដីពីការផ្លាស់ប្ដូរទីតាំងរោងចក្រចេញពីទីតាំងចាស់បច្ចុប្បន្នទៅកាន់ ស្រុកបាទី ខេត្តតាកែវវិញ ដោយមិនបាននិយាយពីការដោះស្រាយនៅអត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមច្បាប់ការងារឡើយ ។
កម្មករបាននិយាយប្រាប់ឲ្យដឹងទៀតថា តាមគម្រោងរបស់ថៃកែជនជាតិចិន រោងចក្រនេះត្រូវរើចេញ២ដំណាក់កាល គឺដំណាក់កាលទី១ រើបណ្ដើរៗនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងដំណាក់កាលទី២រើទាំងស្រុងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ហើយបានប្រកាសឲ្យកម្មករណាចង់ទៅធ្វើការនៅទីតាំងថ្មីនោះ គឺរោងចក្រទទួលយកឲ្យធ្វើការវិញដដែល ។ ពេលនោះ បានធ្វើឲ្យកម្មករភ្ញាក់ផ្អើលគ្រប់គ្នា ក៏បាននាំគ្នាធ្វើការតវ៉ាទាមទារលក្ខខណ្ឌចំនួន៥ចំណុច ស្រាប់តែថៅកែដកស្លាកជូនដំណឹងនោះចេញវិញ និងបានប្រជុំប្រាប់កម្មករថា លែងរើរោងចក្រចេញហើយ គឺនៅបន្តអាណត្តិវិញហើយ ។
កម្មករ បាននិយាយប្រាប់ទៀតថា ខណៈនោះថៅកែនិយាយតែមាត់គ្មានឯកសារបញ្ជាក់ទើបកម្មករអត់ជឿ ហើយ បន្តធ្វើការតវ៉ា រហូតថៅកែព្រមដោះស្រាយរាល់ការទាមទារ របស់កម្មករ និងបានដោះស្រាយចប់ចំនួន៤ចំណុច ។ ប៉ុន្តែនៅសល់១ចំណុចទៀតមិនព្រមដោះស្រាយនោះ គឺ«សូមឲ្យរោងចក្រគិតប្រាក់សងជំងឺចិត្ត តាមកិច្ចសន្យាការងារជូនកម្មករទាំងអស់គ្នា» ។ ទើបមកដល់វេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ពួកគាត់សម្រេចចិត្តលើកគ្នាចេញទៅឈរបិទផ្លូវលេខ២១៧មុខរោងចក្រតែម្ដង ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលកម្មករធ្វើបាតុកម្មតវ៉ាបិទផ្លូវលេខ២១៧នេះ អាជ្ញាធរខណ្ឌដង្កោ និងមន្រ្តីក្រសួងការងារបានទៅសម្របសម្រួល ទើបនៅវេលាម៉ាងជា៩ព្រឹកថ្ងៃដដែលនោះកម្មករព្រមបើកផ្លូវវិញ ។ បន្ទាប់មក អាជ្ញាធរបានហៅកម្មករឲ្យត្រលប់ចូលក្នុងរោងចក្រវិញជួបដោះស្រាយចំណុចដែលនៅសល់១នោះជាមួយថៅកែរោងចក្រ ប៉ុន្តែពុំទាន់ដឹងថាដោះស្រាយត្រូវគ្នាឬអត់នៅឡើយ ៕
