កំពង់ស្ពឺ ៖
ដោយសារតែគិតខ្លីយុវនារីម្នាក់ បានដាច់ចិត្តចងករសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យក្រែងមានករណីផ្សេង ខណៈដែលយុវនារីជាប្អូនស្រីពៅ ឧហ្សាហ៍និយាយទូរស័ព្ទ និងដើរលេងរហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទះ ហើយបងស្រីបង្កើត ក៏បានយកទូរស័ព្ទដៃរបស់យុវនារីបោកចោលលែងឱ្យមានការទំនាក់ទំនងជាមួយមិត្តភក្តិ នាងខឹងក៏សម្លាប់ខ្លួន ហើយបន្សល់ទុកបណ្តាំកូនសំបុត្រមួយតូចសរសេរដោយខ្មៅដៃដែលមានខ្លឹមសារថា《ញុមលាសិនហើយ ហើយបាច់យកញុមធ្វើបុណ្យទេ យកញុមទៅកប់ចោលទៅ កុំឱ្យអស់លុយច្រើន》។
សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ បាននិយាយឱ្យដឹងថាសពនារីខាងលើ មានឈ្មោះ ម៉ូ ស្រីពៅ អាយុ១៩ឆ្នាំ មុខរបរជាកម្មារិនីរោងចក្រ សព្វថ្ងៃរស់នៅជាមួយម្តាយនិងបងស្រីបងថ្លៃក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរកន្លែងផ្ទះយុវនារីដែលដាច់ចិត្តចងករសម្លាប់ខ្លួននោះ មកពីរឿងស្មុគស្មាញច្រើនពេក និងមានសម្ពាធច្រើន ហើយនាងចូលចិត្តនិយាយទូរស័ព្ទ និងចូលចិត្តដើរលេងច្រើន ហើយត្រូវបានបងថ្លៃបារម្ភធ្វើការហាមឃាត់ រហូតឈានដល់បោកទូរស័ព្ទនាងចោល ទើបនាងដាច់ចិត្តគិតខ្លីបញ្ចប់ជីវិតបែបនេះទៅ។
ពាក់ព័ន្ធនិងយុវនារីវ័យក្មេងដាច់ចិត្តចងករសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ហើយបន្សល់ទុកបណ្តាំនេះ សមត្ថកិច្ចនគរបាលស្រុក បានសហការជាមួយនគរបាលជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ សន្និដ្ឋានថាករណីខាងលើនេះជាករណីធ្វើអឃាតដោយចងករខ្លួនឯងជាមួយក្រមា ហើយខ្សែឌុយសាកទូរស័ព្ទនោះនាងចងដៃដោយខ្លួនឯងនោះទេ។ មិនមានស្លាកស្នាម ឬមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។
ក្រោយធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចនិងនគរបាលជំនាញរួចមក សពយុវនារីខាងលើបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕