កាលពីថ្ងៃព្រហស្បត្តិ ទី1 ខែឧសភា លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានសាទរចំពោះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ថាជាកិច្ចព្រមព្រៀងពិតប្រាកដ និងយុត្តិធម៌ ហើយក៏ជាលទ្ធផលដំបូងនៃកិច្ចប្រជុំនៅវិមានវ៉ាទីកង់រវាងលោក និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក ហ្សេលេនស្គី បានបន្តថា កិច្ចព្រមព្រៀងរ៉ែនេះ នឹងបើកផ្លូវសម្រាប់ការធ្វើទំនើបកម្មនៃឧស្សាហកម្មនៅក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ហ្សេលេនស្គី បានស្ថិតនៅក្រោមសម្ពាធរបស់លោកប្រធានាធិបតី ត្រាំ ជុំវិញការជំរុញឲ្យបញ្ចប់សង្រ្គាម ខណៈដែលទីក្រុង គៀវ ពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់យោធារបស់សហរដ្ឋអាមេរិក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ 2022។ ទីក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញពីការខកចិត្តរបស់ខ្លួនជាមួយនឹងការបរាជ័យរបស់ទីក្រុងម៉ូស្គូ និងទីក្រុង គៀវ ក្នុងការយល់ព្រមលើលក្ខខណ្ឌសន្តិភាព ស្របពេលដែលលោកប្រធានាធិបតី ត្រាំ ក៏បានបង្ហាញសញ្ញានៃការខកចិត្តជាមួយលោកប្រធានាធិបតីរុស្ស៊ី ពូទីន ចំពោះការមិនព្យាយាម ឆ្ពោះទៅរកសន្តិភាព។