កណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចអាគុយរថយន្តរបស់គេដែលឈប់ចតនៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិបត្តាជី០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ មានឈ្មោះ គី ទិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ។ ចំណែកជនសង្ស័យ មាន០៣នាក់ ក្នុងនោះ ឃាត់បានម្នាក់ និង២នាក់ទៀត បានរត់គេខ្លួន ។
ចំពោះវត្ថុតាងចាប់យក រួមមាន៖
១-ម៉ូតូ១គ្រឿងម៉ាកហុងដា C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CR-9477 ។
២-ម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX2 ពណ៌ខ្មៅ ផ្លាក់លេខ ភ្នំពេញ 1CQ-5052។
បើតាមសមត្ថកិច្ច បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង០៦ និង៣០នាទីព្រឹក ជនរងគ្រោះ បានបើករថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-6232 មកទុកលើផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលហើយក៏ចូលទៅកន្លែងធ្វើការបាត់។
លុះដល់វេលាម៉ោង១៧និង៣០នាទីថ្ងៃដដែល ជនរងគ្រោះក៏ដើរមកយករថយន្តវិញ ស្រាប់តែបាត់អាគុយចំនួន២គ្រាប់មិនដឹងនរណាលួចបាត់។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ដើម្បីចុះស្រាវជ្រាវតាមរយៈកាំមេរ៉ាសុវត្តិភាព បានបង្ហាញសកម្មភាពជនសង្ស័យមាន បក្ខពួនចំនួន០៣នាក់និងម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពលួចយកអាគុយរថយន្តជនរងគ្រោះខាងលើ ហើយជិះគេចខ្លួនបាត់។
រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍ ព្រែកហូរ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ១នាក់ យកមកសួរនាំនិងចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួននិងបក្ខពួកចំនួន០២ នាក់ទៀត ពិតជាបាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូចំនួន០២គ្រឿងមកលួចយកអាគុយរថយន្ត របស់ជនរងគ្រោះចំនួន០២គ្រាប់ យកទៅលក់ឲ្យអេតចាយនៅសង្កាត់ព្រែកថ្លឹង បានប្រាក់ ចំនួន១២ម៉ឺន ប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធី៕