ភ្នំពេញ៖
បុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាក FORD RAPTOR មួយគ្រឿងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែងោកមួយភាំងក៏រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុករថយន្តមួយគ្រឿងចតនៅខាងមុខផ្ទះ រួចបន្តទៅបុកបង្គោលភ្លើងនិងដើមឈើ បណ្តាលឲ្យបាក់ ហើយរថយន្ត បន្តល្បឿនទៅបុកទម្លុះផ្ទះលក់ម៉ូតូអគ្គិសនី បណ្តាលឲ្យបែកញ្ចក់២ផ្ទាំង។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ចំណុចស្ពានទី២ ចន្លោះស្ពានទី៣ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក FORD RAP TOR ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា MIANCHUA បើកបរដោយបុរវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦-អា ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្តាំដៃឡើងចិញ្ចើមផ្លូវជ្រុលទៅបុករថយន្តម៉ាក PAJERO ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2H-8076 ដែលម្ចាស់ចតដាក់លក់នៅខាងមុខផ្ទះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយ រថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុកបង្គោលភ្លើងបាក់មួយដើម រួមទាំងដើមឈើមួយដើមទៀតនិងបន្តបុកទម្លុះចូលផ្ទះលក់ម៉ូតូអគ្គិសនី បណ្តាលឲ្យរងការខូចខាតកញ្ចក់២ផ្ទាំង។
សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស រីឯអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្ថិ៍នគបាល សង្កាត់ព្រែកលៀបយកទៅសួរនាំបន្ត។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕