ភ្នំពេញ ៖
រថយន្តតូយ៉ូតាព្រុសមួយ ខណៈអ្នកបើកបរចូលទិញថ្នាំពេទ្យក្នុងឱសថស្ថានមួយកន្លែង ស្រាប់តែជ្រុលហ្គារ ធ្វើអោយរថយន្តស្ទុះជ្រុលទៅបុកនិងទ្វាររបង រងការខូចខាតកញ្ចក់ អស់ចំនួន៣ផ្ទាំង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៨ខែឧសភា ឆ្នាំ ២០២៥ នៅចំនុចទីតាំងលក់ថ្នាំពេទ្យមួយកន្លែងក្រោយវត្តលង្កា យីហោ «ឱសថស្ថានយើង» ស្ថិតតាមបណ្ដោយផ្លូវ៥១កែងផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយថាដឹងថាមុនពេលកើតហេតុ គេបាន ឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY 3912 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨២ ទិសដៅពីកើតទៅលិច។
លុះមកដល់ចំណុចកើតហេតុ គោលបំណងចូលទៅទិញថ្នាំក្នុងឱសថស្ថានខាងលើស្រាប់តែអ្នកបើកបរ បើកចូលចត ក៏ស្រាប់តែជ្រុលហ្គារ ធ្វើឲ្យរថយន្តស្ទុះជ្រុលទៅបុកនិងទ្វារកញ្ចក់ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន៣ផ្ទាំង ក៏ដូចជារថយន្តរងការខូចខាត ផ្នែកខាងមុខតិចតួច តែសំណាងល្អ ក្នុងករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។
ក្នុងហេតុការណ៍នេះផងដែរ បន្តិចក្រោយមក ក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាង សម្របសម្រួលមួយជំហ៊ានសិនផងដែរ។ ក្រោយកើតហេតុ ភាគីទាំងសងខាង ក៏បានសម្របសម្រួលគ្នា ដោយខាងរថយន្ត សុខចិត្តហៅជាង មកជួយជួសជុលឲ្យវិញ ដើម្បីបញ្ចប់រឿង៕