នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់កាលពីថ្ងៃពុធ ទី21 ខែឧសភាថា សង្គ្រាមនៅតំបន់ហ្គាហ្សា នឹងបន្តរហូតដល់ក្រុមហាម៉ាសលែងមានអាវុធ ហើយតំបន់នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ លោក ណេតាន់យ៉ាហ៊ូ ក៏បានដាក់ចេញនូវលក្ខខណ្ឌរបស់លោក ក្នុងការបញ្ចប់សង្រ្គាម ដែលរួមបញ្ចូលនូវការផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋប៉ាឡេស្ទីន ដែលជាសំណើររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះ។ លោក ណេតាន់យ៉ាហ៊ូ បានបន្តថា អ៊ីស្រាអែល ទំនងជាបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់ គឺលោក ម៉ូហាម៉េដ ស៊ីនវ៉ា (Mohammed Sinwar) បន្ទាប់ពីការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្គាហ្សាកាលពីដើមខែនេះ ខណៈដែលលោកក៏បានបញ្ជាក់ថា លោកនឹងយល់ព្រមចំពោះតែលើបទឈប់បាញ់បណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។ គួរបញ្ជាក់ផងដែរថា ចំណាប់ខ្មាំងចំនួន 20 នាក់ ក្នុងចំណោមចំណាប់ខ្មាំងចំនួន 58 នាក់ដែលនៅសេសល់ នឹងជាប់ឃុំខ្លួននៅតំបន់ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 មក ត្រូវបានរាយការណ៍ថា នៅរស់រានមានជីវិត ហើយអ៊ីស្រាអែលនឹងប្រើប្រាស់សម្ពាធយោធា និងនយោបាយ ដើម្បីរំដោះពួកគេមកវិញ។