កំពង់ស្ពឺ៖
រថយន្តធុនធំ ប្រភេទយីឌុបមួយគ្រឿងក្រឡាប់ផ្ងាជើងបង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលដឹកអុសពេញ បើកបរឆ្លងកាត់ផ្លូវក្រាលកៅស៊ូមួយខ្សែពេលដែលទឹកហូរច្រុះ បណ្តាលឱ្យស្រុតតែម្តង។
ហេតុការណ៍រថយន្តដឹកអុសស្រុតផ្លូវក្រឡាប់ដោយខ្លួនឯងនោះ កើតឡើងកាលវេលាម៉ោង០១និង៥០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ។
នគរបាលស្រុក បាននិយាយឱ្យដឹងថារថយន្តដឹកអុសម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម3A2715 បើកបរដោយឈ្មោះស៊ុំ វុទ្ធី ហៅអ៊ត ភេទប្រុស អាយុ៣៥ឆ្នាំ បានរងរបួសជើងខាងស្ដាំ រស់នៅក្នុងភូមិជាំសង្កែ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូ ពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ។
លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានស្រុតផ្លូវនៅគល់ស្ពានខាងលិចស្ពានអូរក្បៀរ បណ្តាលឱ្យស្រុតក្រឡាប់នៅលើផ្លូវក្រាលកៅស៊ូនោះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ និងសមត្ថកិច្ចនគរបាលជំនាញចុះជួយអន្តរាគមន៍។ រីឯតៃកុងរថយន្តដែលរងរបួស ត្រូវបានសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង។
នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការអន្តរាគមន៍ អូសយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕