យោងតាមប្រភពពីទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានឲ្យដឹងថា នៅថ្ងៃពុធ ទី7 ខែឧសភានេះ មេដឹកនាំប្រទេសកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះត្រួតពិនិត្យរោងចក្រផលិតគ្រាប់រំសេវ និងគ្រឿងសព្វាវុធផ្សេងៗ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី គីម បានជំរុញឲ្យបង្កើនការផលិតរហូតដល់ទៅ "បួនដងនៃកម្រិតប្រចាំឆ្នាំ" ខណៈដែលលោកបាននិយាយថា ការបង្កើនការផលិតនេះ ដើរតួយ៉ាងសំខាន់ក្នុងការបង្កើនកម្លាំងប្រយុទ្ធរបស់ប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ផងដែរថា យោងតាមសមាជិកសភាប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសកូរ៉េខាងជើងបានផ្តល់ "កាំជ្រួចមីស៊ីល ដែលមានតម្លៃរាប់ពាន់លានដុល្លារ" ដល់ប្រទេសរុស្ស៊ីក្នុងសង្រ្គាមជាមួយប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ជូនទាហានប្រមាណ 15.000 នាក់ទៅកាន់រុស្ស៊ីផងដែរ។