នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៊ូឌី (Narendra Modi) បានព្រមានកាលពីថ្ងៃចន្ទ ទី12 ខែឧសភា ឲ្យប្រទេសប៉ាគីស្ថាន កម្ចាត់ “ហេដ្ឋារចនាសម្ព័ន្ធភេរវករ” របស់ខ្លួន ប្រសិនបើចង់មាន “សន្តិភាព” ដែលនេះជាការព្រមានជាលើកដំបូងរបស់លោក ចាប់តាំងពីផ្ទុះការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុន រវាងប្រទេសទាំងពីរ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង បន្ទាប់ពីប្រទេសឥណ្ឌាបានបើកការវាយប្រហារលើអ្វីដែលខ្លួននិយាយថា ជា "ជំរុំភេរវករ" នៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ទី7 ខែឧសភា ពោល គឺរយៈពេល 2 សប្តាហ៍បន្ទាប់ពីភ្ញៀវទេសចរណ៍ឥណ្ឌា 26 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅតំបន់កាស្មៀររបស់ប្រទេសឥណ្ឌា ដែលឥណ្ឌាបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។