ថ្លែងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកត់សម្គាល់ចំពោះភាពម៉ដ្ឋចត់របស់មន្រ្តីគណៈកម្មការរៀបចំការប្រកួតបន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡារួចមក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡា រាជធានីខេត្ត ដែលបានសហការរៀបចំការប្រកួតនេះឡើងប្រកបដោយបរិយាកាសរីករាយ និងការចូលរួមពីគ្រប់ភាគីយ៉ាងផុសផុល។ រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ដល់សុខភាពសិក្សារបស់ សិស្សានុសិស្ស ដោយដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនដើម្បីឱ្យសាលារៀនមានបរិយាកាសល្អ បរិស្ថានល្អ អនាម័យល្អ ម្ហូបអាហារ ភេសជ្ជៈធានាអនាម័យល្អ និងមានកម្មវិធីអប់រំកាយនិងកីឡា ដើម្បីពង្រឹងសមត្ថភាពរាងកាយរឹងមាំ កាត់បន្ថយបន្ទុកស្ត្រេសអវិជ្ជមានក្នុងការសិក្សា បង្កើនគុណភាពជីវិតឱ្យសិស្សានុសិស្ស ទទួលបាននូវសុខភាពល្អផង បញ្ញាស្មារតីរឹងមាំក្នុងការសិក្សាផង។
មានប្រសាសន៍បន្ថែមក្នុងពិធីបើកនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចាត់ទុកការជួបជុំគ្នា ដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សានេះ គឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ ពោលគឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍ដើម្បីជំរុញសុខភាពសិក្សារបស់កុមារឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការធ្វើសកម្មភាពអប់រំកាយ និងកីឡាជាប្រចាំនិងទៀងទាត់ ក្រៅពីទទួលបានសុខភាពល្អ បញ្ញាស្មារតីរឹងមាំ ក៏អាចជួយឱ្យមានទម្លាប់កំណត់វិន័យខ្លួនឯង ចេះសម្រេចចិត្តខ្លួនឯង ចេះទទួលខុសត្រូវខ្លួនឯង ចេះកំណត់គោលដៅខ្លួនឯង ពិសេសចេះមានភាពអត់ធ្មត់ មិនបោះបង់ការតស៊ូព្យាយាម ពោលគឺឈ្នះលើខ្លួនឯង។ ឆ្លៀតក្នុងឱកាសដ៏អធិកអធមនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ កំឡុងពេលការប្រកួត ដោយគណៈកម្មការរៀបចំការប្រកួតត្រូវពង្រឹងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់លើការស្នាក់នៅ ហូបចុក ដឹកជញ្ជូន ដែលជាសេវាចាំបាច់និងសំខាន់ដើម្បីធានាឱ្យកីឡាករ កីឡាការិនីមានសុវត្ថិភាព សុខភាពល្អ និងភាពកក់ក្តៅអំឡុងពេលប្រកួតពីព្រោះនៅកម្រិតបឋមសិក្សានៅជាកុមារតូចនៅឡើយ។ ប្រធានប្រតិភូ លោកគ្រូ អ្នកគ្រូ ជួយដឹកនាំ ថែទាំ និងសង្កេតតាមដានសុខភាពក្មួយៗជាប្រចាំ និងដាក់វិន័យក្នុងការដើរហើរ ការគេង និងការចូលរួមប្រកួតកីឡាឱ្យបានហ្មត់ចត់ ដើម្បីបង្កលក្ខណៈ ឱ្យក្មួយៗចេះគោរពក្រុម និងធ្វើការជាក្រុមបានល្អប្រសើរអំឡុងពេលប្រកួត។ លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី គោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាបច្ចេកទេសកីឡា និងបទបញ្ជាការប្រកួតជៀសវាងទំនាស់ ឬបង្កជាសកម្មភាពហឹង្សាក្នុងទីលានប្រកួត ដែលធ្វើឱ្យខូចបរិយាកាសនៃការប្រកួត។ ត្រូវជឿជាក់លើខ្លួនឯង លើសុខភាពខ្លួនឯងនៅអំឡុងពេលមុនចូលរួមប្រកួត បើមានបញ្ហាសុខភាពត្រូវប្រាប់លោកគ្រូ អ្នកគ្រូ ឬរកសេវាពិនិត្យសង្គ្រោះព្យាបាលបឋមភ្លាម កុំចូលរួមប្រកួតទាំងឈឺ ហើយជៀសវាងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងពេលប្រកួត។ ការប្រកួតនេះបង្កើតនូវអនុស្សាវរីយ៍ល្អៗ ការចងចាំល្អៗ និងការលើកទឹកចិត្ត ជំរុញទឹកចិត្ត ខ្លាំងក្លាដល់ក្មួយៗសិស្សានុសិស្ស ដើម្បីបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នេះចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងត្រូវប្រកួតលើ ១៣ប្រភេទកីឡា ៦៨វិញ្ញាសា ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពសិក្សា” ដែលមានប្រតិភូកីឡាមកពី ២៥រាជធានី-ខេត្ត ចំនួនប្រមាណ ៣,០២៦នាក់៕