ភ្នំពេញ៖ 

ស្រ្តីម្នាក់ខណៈកំពុងជិះម៉ូតូជាមួយកូនប្រុស ស្រាប់តែត្រូវចោរឆក់កាបូបបានសម្រេចរួចជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ី ជីនពីង ស្ថិតនៅក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

ស្រ្តីរងគ្រោះឈ្មោះគ្រី ដាណា អាយុ៤៧ឆ្នាំ មុខរបរលកដូរ មានទីលំនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅក្នុងកាបូបខាងលើនោះមានលុយចំនួនជាង១០ម៉ឺនរៀល ទូរស័ព្ទម៉ាOPPO១គ្រឿងដែលភ្ជាប់កុងធនាគារមានទឹកប្រាក់ជាង២០០ដុល្លារ និងឯកសារមួយចំនួនទៀតផងដែរ ។ 

ស្រ្តីរងគ្រោះខាងលើ បានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ជាមួយកូនប្រុសចេញពីទិញអីវាន់នៅផ្សារ ជម្ពូវ័ន ត្រលប់ទៅផ្ទះ ដោយធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈនោះ គាត់បានទុកកាបូបនៅចន្លោះកណ្ដាលរវាងរូបគាត់និងកូនប្រុស លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានចោរ២នាក់ជិះម៉ូតូគ្រឿងតាមពីក្រោយ ធ្វើសកម្មភាពឆក់កាបូប។ ពេលនោះគាត់បានប្រទាញប្រទង់ជាមួយចោរដែរ តែទាញអត់ឈ្នះ ហើយ ចោរឆក់យកបានសម្រេច រួចជិះម៉ូតូគេចខ្លួន ។ 

សមត្ថកិច្ចបានប្រាប់ថា ខណៈនោះគាត់ស្រែកថាចោរៗ ហើយក៏មានជនសង្ស័យ២នាក់ទៀតជិះម៉ូតូទៅពីក្រោយស្រែកប្រាប់គាត់ថាចាំពួកគេជួយដេញតាម រួចក៏ទៅបាត់ទាំងអស់តែម្ដង ដែលគាត់សង្ស័យថា ជន២នាក់ក្រោយនោះ ក៏ជាបក្ខពួករបស់ចោរដែរនិងជាអ្នកចាំបិទគូទ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លុះពេលទៅដល់នគរបាលប៉ុស្តិ៍ខាងលើ បានប្រាប់គាត់ឲ្យទៅប្ដឹងនៅប៉ុស្តិ៍កន្ទោក ខណ្ឌកំបូលវិញ ព្រោះកើតហេតុនៅទីនោះ ៕