កណ្តាល៖ 

ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់ដោយជនរងគ្រោះជិះម៉ូតូ បុកគូថរថយន្តដែលខូចចតទុកចោលលើទ្រូងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:ម្ចាស់រថយន្ត បានរត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់  ដែលហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ២១និង២០នាទីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥ នៅចំណុច នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពសមត្ថកិច្ចជំនាញចរាចរជើងគោកនៃអធិការដ្ធាននគរបាលស្រុកពញាឮ បានឲ្យដឹងថា នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0077 បើកបរទិសដៅពីជើងទៅត្បូង ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ រថយន្ត បានខូចហើយចតនៅលើទ្រូវផ្លូវ ដោយមិនបានបើក ភ្លើងសុំផ្លូវ ឬដាក់ភ្លើងបំភ្លឺជាសញ្ញា ។

ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-2696 បើកបរដោយឈ្មោះ ល័ក្ខ រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ស្របទិសគ្នា បានបុករថយន្តខាងលើ ចំពីក្រោយចំហៀងផ្នែកខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។  

ក្រោយសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ពិនិត្យវាស់វែងរួចរាល់  សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយធ្វើដំណើរទាំងពីរ រងការខូចខាតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្ដនីតិវិធី ៕