ភ្នំពេញ ៖
ក្រោយបញ្ចប់ការសាកសួរ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ ជាប្រពន្ធដើមនិងបងប្អូនឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំឡើយ នៅក្នុង សំណុំរឿងប្តីមានស្រីកំណាន់ ប្រពន្ធនិងបងប្អូនបើកឡានដេញបុកស្រីចំណាន់របស់ប្តី បង្កអំពើហិង្សា ។
ការមិនឃុំខ្លួនដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងដោយមានលក្ខណ្ឌ៤ ចំណុច ៖
១.ជនត្រូវចោទមិនត្រូវផ្លាស់ប្តូរទីលំនៅ ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។
២.ជនត្រូវចោទត្រូវបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ នៅរៀងរាល់ចុងខែនិមួយ ៗ ។
៣.ជនត្រូវចោទត្រូវឆ្លើយតបនូវការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ និង
៤.ជនត្រូវចោទត្រូវដាក់ប្រាក់តម្កល់ ដើម្បីធានាខ្លួន ។
ទោះបីចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួនស្ត្រីប្រពន្ធដើម២នាក់បងប្អូននោះយ៉ាងណាក្តី សំណុំរឿង ក៏នៅតែតុលាការដំណើរការតាមនីតិវិធី រហូតដល់បើកសវនាការជំនុំជម្រះលើអង្អសេចក្តី ទាំងមូលដែរ ។ នេះបើតាមការបង្ហើបអោយដឹងពីមន្ត្រីតុលាការ។
សូមជម្រាបថា៖កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងប្តីមានស្រីកំណាន់ ប្រពន្ធនិងបងប្អូនបើកឡានដេញបុកស្រីចំណាន់របស់ប្តី បង្កអំពើហិង្សា ត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យទាំង២ នាក់៖ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយតំណាងអយ្យការបញ្ចប់ការស៊ើបសួរសំណុំរឿងនេះ បានចាត់បញ្ជូនទៅចៅក្រម ស៊ើបសួរ ដើម្បីបន្តនីតិវិធី តែចៅក្រមសម្រេចមិនឃុំខ្លួន។
គួរបញ្ជាក់ថា អ្នកចម្រៀងស្រី ឈ្មោះ ចាប ចិន្តា ត្រូវបានស្រ្តីជាប្រពន្ធដើមនិងបងប្អូន បានបើកឡានដេញបុកនិង ព្រួតគ្នាវ៉ៃ ដោយចោទប្រកាន់ថា អ្នកចម្រៀងនិងអ្នកលក់ អនឡាញរូបនោះបានព្យាយាមទាក់ទងប្តីរបស់គេ ។
ហេតុការណ៍បើកឡានដេញបុកនិងបង្កហិង្សាយ៉ាងសាហាវនេះ បានកើតឡើងកាលពី វេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចស្តុប សំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕